សហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលី បានប្រកាសបន្តជួយដល់ប្រទេសកម្ពុជា ដែលជាប្រទេសងាយរងគ្រោះខ្លាំងចំពោះការប្រែប្រួលអាកាសធាតុ
(ព្រះសីហនុ)៖ សហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលី បានប្រកាសបន្តជួយដល់ប្រទេសកម្ពុជា ដែលជាប្រទេសងាយរងគ្រោះខ្លាំងចំពោះការប្រែប្រួលអាកាសធាតុ។
ថ្លែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៤ ដែលបាននិងកំពុងធ្វើឡើងនៅក្រុងព្រះសីហនុ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ លោក Jason Kalbfleisch នាយរងបេសកកម្មស្តីទីមកពីស្ថានទូតសហរដ្ឋអាមេរិក បានឱ្យដឹងថា «រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារ USAID មានកិត្តិយសក្នុងការធ្វើជាអ្នកឧបត្ថម្ភ នាំមុខគេសម្រាប់វេទិកាការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៤ ដោយផ្តោតលើការគាំទ្រដល់ សហគមន៍ឆ្នេរសមុទ្រក្នុងប្រទេសកម្ពុជា ដើម្បីសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួល អាកាសធាតុ»។
លោកបានឱ្យដឹងថា ក្នុងរយៈពេល៣ទសវត្សរ៍កន្លងមកនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានវិនិយោគជាង៣ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍនៅប្រទេសកម្ពុជា ដែលក្នុងនោះចំនួន១០០លានដុល្លារ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ នៅក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ។
លោកបានបន្ថែមទៀតថា «ក្នុងរយៈពេលពីរថ្ងៃបន្ទាប់ យើងនឹងបង្ហាញគម្រោងចំនួន៥របស់USAID ដែលសង្កត់ធ្ងន់លើដំណោះស្រាយដែលបានបង្កើតឡើងក្នុងមូលដ្ឋានការផ្តល់ហិរញ្ញប្បទានអាកាសធាតុប្រកបដោយភាពច្នៃប្រឌិត ព្រមទាំងតួនាទីដ៏សំខាន់របស់យុវជន និងសហគមន៍ ជនជាតិដើមភាគតិចនៅក្នុងយុទ្ធសាស្រ្តអាកាសធាតុរយៈពេលវែង។ ជាមួយគ្នានេះ យើងកំពុងជំរុញកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ជីវភាពរស់នៅដែលប្រកបដោយនិរន្តរភាព និងកសិកម្មឆ្លាតវៃនៃអាកាសធាតុ ដោយជួយកម្ពុជាអោយសម្រេចបាននូវគោលដៅអាកាសធាតុ របស់ខ្លួនក្រោមកិច្ចព្រមព្រៀងនៅទីក្រុងប៉ារីស»។
ដូចគ្នានេះលោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា៖ «ប្រទេសអូស្ត្រាលីកំពុងពង្រឹងកិច្ចសហប្រតិបត្តិការអាកាសធាតុនៅកម្ពុជា។ យើងកំពុងបង្កើនលទ្ធភាពទទួលបានសេវាទឹក និងអនាម័យ ដែលធន់នឹងអាកាសធាតុសម្រាប់ប្រជាជនកម្ពុជានៅតាមជនបទ ព្រមទាំងគាំទ្រការច្នៃប្រឌិតអាកាសធាតុឆ្លាតវៃ ក្នុងវិស័យកសិកម្ម និងធ្វើការជាមួយមន្ត្រីថាមពល ដើម្បីគាំទ្រលើអន្តរកាលថាមពលស្អាត»។
លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ភាពងាយរងគ្រោះនៃប្រទេសកម្ពុជាពីការប្រែប្រួលអាកាសធាតុ បង្ហាញឱ្យឃើញកាន់តែច្បាស់ក្នុងវិស័យកសិកម្ម នេសាទ និងរុក្ខាប្រមាញ់ ដោយត្រូវប្រញាប់ធ្វើសកម្មភាពអាកាសធាតុឱ្យបានច្រើន។
លោកបណ្ឌិតបានសង្កត់ធ្ងន់ថា៖ «យើងកំពុងផ្តោតលើជំហានជាក់ស្តែង ដូចជាការអនុវត្តទៅលើច្បាប់បរិស្ថាននិងធនធានធម្មជាតិ ដែលបានអនុម័តថ្មីៗ និងធ្វើការបន្ថែមលើគំនិតផ្តួចផ្តើមនានា ដូចជាយុទ្ធនាការដាំដើមឈើឡើងវិញ ដែលកម្ពុជាយើងមានគោលបំណងដាំដើមឈើឱ្យបានមួយលានដើម ក្នុងមួយឆ្នាំៗ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ មានសារៈសំខាន់ ក្នុងការសម្រេចបាននូវយុទ្ធសាស្ត្ររយៈពេលវែងរបស់យើង សម្រាប់អព្យាក្រឹតភាពកាបួននៅឆ្នាំ២០៥០។ ភាពជោគជ័យនៃយុទ្ធនាការមួយចំនួនរបស់យើង ដូចជាយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិក» និង «សេចក្តីប្រកាសនៅទីក្រុងភ្នំពេញស្តីពីកាកសំណល់ប្លាស្ទិក» បានបង្ហាញថា សកម្មភាពទាំងនេះបានដំណើរការហើយ»។
លោករដ្ឋមន្ត្រីជឿជាក់ថា វេទិកាការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៤នេះនឹងក្លាយជាវេទិកាដ៏ល្អមួយ ដើម្បីប្រមូលផ្តុំភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជន ដើម្បីធ្វើសកម្មភាពបន្ថែមទៀត ក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ។
សូមបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៤ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន សហការជាមួយវិទ្យាស្ថាន Mekong Future Initiative នៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ មានកិច្ចពិភាក្សាចំនួន២៤ ដែលផ្តោតលើថាមពលកកើតឡើងវិញ ហិរញ្ញវត្ថុអាកាសធាតុ ទីផ្សារកាបូន និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងចំណោមប្រធានបទផ្សេងៗទៀត។ វេទិកានេះ ក៏មានការពិភាក្សាចំនួន៦ ជាមួយយុវជនដែលជាអ្នកដឹកនាំ ដើម្បីរួមចំណែកដល់អនាគត ដែលប្រកបដោយចីរភាពរបស់កម្ពុជាផងដែរ៕