សុភ័ក្រ្ត កុសុម៉ា បានបង្ហោះសារទទួលយកការសុំទោសពី តាប៊ុយ ក្រោយពីពិធីកររូបនេះ បានផ្ញើលិខិតសុំទោសម្ដងទៀត និង ផ្កាមួយកន្រ្តកជូន កុសុម៉ា
កាលពីប៉ុន្មានថ្ងៃកន្លងទៅ លើបណ្ដាញសង្គមមហាជនអ្នកគាំទ្រក៏ដូចជាអ្នកសិល្បៈជាច្រើន បានផ្ទុះចាប់អារម្មណ៍ចែករំលែកវែកញែកខ្លាំងជុំវិញរឿងរ៉ាវរបស់ពិធីករល្បីឈ្មោះ តាប៊ុយ បានបង្ហោះរូបភាពភ្ជាប់ជាមួយសារមួយពាក់ព័ន្ធនឹងពិធីការិនី សុភ័ក្រ្ត កុសុម៉ា និង គូដណ្ដឹងរបស់នាង។
ក្រោយឃើញការបង្ហោះរបស់ពិធីករ តាប៊ុយ ក្រឡេកទៅមើលម្ចាស់សាមីខ្លួន គឺកញ្ញា សុភ័ក្ត្រ កុសុម៉ា ក៏ចេញមុខប្រតិកម្មភ្លាមៗដែរក្រោយពី តាប៊ុយ លេងសើចហាក់មិនឱ្យតម្លៃនាង និង គូដណ្តឹង ដោយក្នុងនោះ សុភ័ក្ត្រ កុសុម៉ា បានរៀបរាប់ថា ៖ «ឯងលេងយូរៗទៅដូចមិនឱ្យតម្លៃខ្ញុំទាំងពីរនាក់សោះ! សំណេរនេះសរសេរមក គឺអ្នកមិនដឹងគេប្រាកដជាមាក់ងាយទៅគូដណ្តឹងខ្ញុំ ហើយមួយទៀតគេបន្ទាបតម្លៃខ្ញុំជាស្ត្រី»។
ស្របពេលផ្ទុះការវែកញែកពីមហាជន និង មានការប្រតិកម្មពីសាមីខ្លួនខ្លាំង នៅយប់ថ្ងៃដដែលនោះ តាប៊ុយ ក៏បានចេញវីដេអូនិយាយសុំទោសទៅកាន់ សុភ័ក្រ្ត កុសុម៉ា ចំពោះការបង្ហោះសាររបស់លោកធ្វើឱ្យប៉ះពាល់ដល់នាង ដោយលោកពុំបានគិតថាការបង្ហោះនោះវាធ្ងន់ធ្ងរឡើយ ប៉ុន្តែបើមានការប៉ះពាល់ធ្ងន់ធ្ងរគឺឱ្យលោកសុំទោសផង ព្រោះលោកចូលចិត្តនិយាយត្រង់មិនចេះនិយាយបញ្ឆិតបញ្ឆៀងច្រើនទេ តែវីដេអូនោះក៏ត្រូវបាន តាប៊ុយ លុបចេញវិញ។
លើសពីនេះ តាប៊ុយ ក៏បាននិយាយពីទំនាក់ទំនងការរាប់អានរវាងលោក និង សុភ័ក្រ្ត កុសុម៉ា ដែលលោកបង្ហើបពីការមានគម្រោងផលិតវីដេអូធ្វើទីផ្សារជាមួយគ្នា ហើយលោកក៏មានគម្រោងចង់បញ្ចេញកម្មវិធី «ពេញចិត្តឬអត់» ជាមួយ សុភ័ក្រ្ត កុសុម៉ា វិញទៀតផង។
ដោយឡែក ជុំវិញរឿងរ៉ាវខាងលើ មកដល់ថ្មីៗនេះ ក៏បានឃើញ សុភ័ក្រ្ត កុសុម៉ា បានបង្ហោះសារទទួលយកការសុំទោសពី តាប៊ុយ ក្រោយពីពិធីកររូបនេះ បានផ្ញើលិខិតសុំទោសម្ដងទៀត និង ផ្កាមួយកន្រ្តកជូន កុសុម៉ា បង្ហាញពីចិត្តសុំទោសដោយចិត្តស្មោះចំពោះកំហុសរបស់លោក។
សារនោះ កញ្ញា សុភ័ក្រ្ត កុសុម៉ា ក៏បានបង្ហាញឱ្យដឹងថានាងក៏មិនបានប្រកាន់ទោសចំពោះលោក តាប៊ុយ ដែលជាមិត្តស្និទ្ធស្នាលរូបនេះដែរ ព្រមទាំងនាងក៏បានសុំឱ្យមហាជនជួយយោគយល់អធ្យាស្រ័យ និង លើកលែកចំពោះកំហុសរបស់លោកផងដែរ។
ក្នុងនោះ សុភ័ក្រ្ត កុសុម៉ា បានរៀបរាប់ថា ៖ «ជាដំបូង នាងខ្ញុំសូមអរគុណពុកម៉ែបងប្អូនមិត្តភក្តិ និង បងប្អូនសិល្បករទាំងអស់ សម្រាប់ការបារម្ភពួកខ្ញុំទាំងពីរ យើងខ្ញុំពិតជាសូមអរគុណមែនទែនសម្រាប់ការស្រឡាញ់ និង ផ្តល់ក្តីស្រឡាញ់ចំពោះយើងខ្ញុំទាំងពីរ ការពិតទៅមកដល់ពេលនេះនាងខ្ញុំក៏មិនបានប្រកាន់ទោសអូសដំណើរជាមួយបងប្រុស តាប៊ុយដែរ ព្រោះថាគាត់ក៏ជាអ្នកមានគុណរបស់ខ្ញុំមួយរូប ដែលធ្វើឱ្យខ្ញុំមានថ្ងៃនេះ ហើយមួយវិញទៀតគាត់ក៏បានសុំទោសនាងខ្ញុំរួចរាល់ផងដែរ ដូច្នេះសង្ឃឹមថាបងប្អូនយោគយល់អធ្យាស្រ័យ និង លើកលែងកំហុសរបស់គាត់ផង»៕