អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អំពាវនាវពលរដ្ឋប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ យកចិត្តទុកដាក់ថែរក្សាឲ្យបានល្អ សំដៅជួយសន្សំសំចៃថវិការដ្ឋ និងលើកតម្លៃអត្តសញ្ញាណជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សូមយកចិត្តទុកដាក់ថែរក្សាឲ្យបានគត់មត់ ដើម្បីជួយសន្សំសំចៃថវិការដ្ឋ និងលើកតម្លៃអត្តសញ្ញាណរបស់ជាតិ។
ការចេញមកអំពាវនាវបែបនេះ ធ្វើឡើងបន្ទាប់ពីឃើញវីដេអូផ្សព្វផ្សាយរបស់ពលរដ្ឋម្នាក់ ដែលបានយកសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅប្រើប្រាស់ជាឧបករណ៍ដេញហ្គីតាលេងកម្សាន្ដ បណ្ដាលឲ្យបាក់ របក ខូច ដែលជាទង្វើមិនគប្បី និងគំរូមិនល្អ។
ក្នុងលិខិតដែលបណ្ដាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអះអាងថា ការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងគោលបំណងមិនត្រឹមត្រូវ បានធ្វើឲ្យខូចខាតអសារបង់ដែលជាការខ្ជះខ្ជាយការចំណាយថវិការដ្ឋ។ ក្នុងគោលបំណងគាំពារប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានទទួលបន្ទុកចំណាយទាំងស្រុងទៅលើ ការផលិត និងផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋគ្រប់រូបដោយឥតគិតថ្លៃ។
អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺជាឯកសារផ្លូវការដ៏មានសារសំខាន់ សម្រាប់បញ្ជាក់អត្តសញ្ញាណ ជាពលរដ្ឋខ្មែរ និងត្រូវផ្ដល់ជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីទទួលបាន នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ជាមូលដ្ឋានរបស់បុគ្គល។
យោងតាមប្រកាសលេខ៦៣៧៥ ប្រ.ក របស់ក្រសួងមហាផ្ទៃស្ដីពីនីតិវិធី លក្ខខណ្ឌនៃការសុំផ្ដល់ និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រង់ប្រការ៧ បានកំណត់ថា «ប្រជាពលរដ្ឋដែលទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររួចហើយ ត្រូវថែរក្សាឲ្យបានល្អ បង្ការការបាត់ ឬខូច ដើម្បីទុកប្រើប្រាស់ជា ប្រយោជន៍ផ្សេងៗតាមការកំណត់នៃច្បាប់»។ ទោះជាយ៉ាងនេះក្តី អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសង្កេតឃើញថា មានប្រជាពលរដ្ឋមួយចំនួនតូចមិនបានយល់ពីសារសំខាន់ នៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនោះទេ និងបានប្រើប្រាស់ខុសពីគោលបំណងនៃការផ្ដល់ជូន ដោយមិនបានប្រុងប្រយ័ត្ន និងមិនបានថែរក្សាឲ្យបានត្រឹមត្រូវគត់មត់៕
ប្រភព ៖ Fresh News