ប្រទេសហ្វីលីពីនបានប្រទះព្យុះត្រូពិច Trami ដែលបានវាយប្រហារភាគឦសាននៃប្រទេស បង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់រាលដាល
កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅនេះ ប្រទេសហ្វីលីពីនបានប្រទះព្យុះត្រូពិច Trami ដែលបានវាយប្រហារភាគឦសាននៃប្រទេស បង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់រាលដាល បណ្តាលឱ្យមនុស្ស ២៤ នាក់បានបាត់បង់ជីវិត និង ២ លាននាក់ទៀតបានរងគ្រោះ។
តាមព័ត៌មានបានឱ្យដឹងថា មនុស្សចំនួន ២៤ នាក់បានស្លាប់ ភាគច្រើនជាជនរងគ្រោះដោយសារលង់ទឹកនៅតំបន់ Bicol ខេត្ត Quezon ហើយចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងថែមទៀត ខណៈផ្លូវតភ្ជាប់ទីក្រុង និង ភូមិត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់ ព្រមទាំងការរអិលបាក់ដី។
ទន្ទឹមនឹងនេះ ទីភ្នាក់ងារសង្គ្រោះគ្រោះមហន្តរាយរបស់ប្រទេសហ្វីលីពីនបានឱ្យដឹងថា មនុស្សជាង ២ លាននាក់បានរងផលប៉ះពាល់ ហើយក្នុងនោះប្រហែល ៧៥ ៤០០ នាក់ត្រូវបានគេជម្លៀសទៅកាន់ទីជម្រកបណ្តោះអាសន្ន។ ដោយឡែក ព្យុះត្រូពិច Trami កំពុងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ភាគខាងលិច ហើយត្រូវបានគេរំពឹងថានឹងឆ្ពោះទៅកាន់សមុទ្រចិនខាងត្បូង៕
ប្រភព៖ Khaosod