តារាចម្រៀងប្រុស ថេណា​ ចេញ Sad លើកនេះ ត្រូវអ្នកគាំទ្រនាំគ្នាចាត់ទុកជារឿងកំប្លែងវិញ

ដូចមហាជនបានជ្រាបហើយថា តារាចម្រៀងសំឡេងស្រទន់ ថេណា ត្រូវបានអ្នកគាំទ្រ ជាពិសេស យុវវ័យពេញចិត្តស្រឡាញ់ខ្លាំងទៅលើទេពកោសល្យសិល្បៈរបស់លោក។ លើសពីនោះ បើនិយាយពីរូបសម្បត្តិ និង អាកប្បកិរិយាវិញ បើទោះជាមិនសូវមាត់កក្តី តែលោក ថេណា ត្រូវបានចាត់ទុកជាតារាចម្រៀងប្រុសមានមន្តស្នេហ៍មួយរូប។

ជាងនេះទៅទៀត រាល់ការបង្ហោះសារ បង្ហោះរូបភាពនៅលើគណនី និង ផេកហ្វេសប៊ុកផ្លូវការម្តងៗ គឺលោក ថេណា ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ និង ចូលទៅបញ្ចេញមតិ ចែករំលែករាប់ពាន់ដងឯណោះ។

ជាក់ស្តែង កាលពីយប់រំលងអធ្រាត្រម៉ោងប្រមាណជាង ១២ ថ្ងៃទី ២១ ឈានចូលថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៤ តារាចម្រៀងប្រុស ថេណា​ បានបង្ហោះ Status មួយថា៖ «លាហើយ​ លា​លើក​ចុង​ក្រោយ​ ជូន​ពរ​ឱ្យ​អ្នក​បាន​សុខ​ចុះ​នឹង​ប្រុស​ម្នាក់​នោះ​ wish you happy endings»។

ក្នុងនោះ Status ខាងលើមានអ្នកចូលទៅបញ្ចេញមតិទាំងយប់ និង ចែករំលែកជាបន្តបន្ទាប់ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍សារ ដែលលោក ថេណា បង្ហោះឡើងនោះ គឺមានអ្នកចុចសើចដល់ទៅជាង ២ ម៉ឺននាក់ ឯណោះ ពោលគឺបើទោះជាលោក ថេណា បង្ហោះសារបែបឈឺចាប់ តែអ្នកគាំទ្រគិតថាជារឿងអស់សំណើច ព្រោះកន្លងមកតារាប្រុសរូបនេះមិនដែលបង្ហើបថាមានគូស្នេហ៍នោះឡើយ។ ម្យ៉ាងវិញទៀតនោះ គឺលោក ថេណា ចូលចិត្តលេងសើចលើហ្វេសប៊ុកបង្ហោះ Status ប្លែកៗ និង អ្នកគាំទ្រខ្លះក៏គិតថា ជាឃ្លាចេញពីបទចម្រៀងរបស់លោកក៏ថាបាន៕

អត្ថបទដែលជាប់ទាក់ទង