កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេយីហោ ហូលីវូត និងឃាត់បានមនុស្ស៤នាក់ ប្រើប្រាស់គ្រឿងញៀន
(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេយីហោ ហូលីវូត និងឃាត់បានមនុស្ស៤នាក់ ប្រើប្រាស់គ្រឿងញៀន នៅក្នុងបន្ទប់ខារ៉ាអូខេខាងលើ នៅយប់រំលងអាធាត្រឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅទីតាំងKTV B9 ចាស់ ប្តូរយីហោ ហូលីវូត ក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ កែវ ដូល អធិការរងទទួលផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត បានប្រាប់ថា ដោយមានការចុះផ្សាយពីសារព័ត៌មានថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅ ខេ ធី វី និងក្លឹប មួយកន្លែងយីហោហូលីវូត តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត និងមានការការសម្របសម្រួលពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យបានចុះទៅដល់ទីតាំង។
ពេលចុះទៅដល់ ឃើញមានមានចងខ្សែនិងដាក់ស្លាកហាមចូលនៅមាត់ទ្វារចូល និងពុំមានភ្លើងបើកនោះទេ។ ដោយមាន ការសហការជាមួយសន្តិសុខ ដែលមើលការនៅទីនោះ កម្លាំងយើងបានចូលទៅត្រួតពិនិត្យ ឃើញមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយបន្ទប់ យីហោDIOR ឃាត់ខ្លួនបានចំនួន៨នាក់/ស្រី៤នាក់ សម្ភារៈ និងវត្ថុតាងមាន៖ ១. ថង់កឹបសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយ (ប្រើប្រាស់អស់), ២. ទុយោសម្រាប់ប្រើប្រាស់គ្រឿងញៀន០១, និងបានបន្តធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន៤នាក់ អវិជ្ជមាន៤នាក់។
លោក កែវ ដូល បញ្ជាក់ប្រាប់ថា ក្នុងនោះកម្លាំងបានត្រួតពិនិត្យគ្រប់បន្ទប់ផ្សេងទៀតត្រូវបានបិទ គឺមិនមានមនុស្ស និងការប្រើប្រាស់សារធាតុញៀនទេ និងមិនមានការដាក់ទូបាញ់ត្រីនោះដែរ។ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស និងវត្ថុតាងពាក់ព័ន្ធមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សួរនាំចាត់ការតាមនីតិវិធី ចំណែកទីតាំងខាងលើកម្លាំង បានចុះបិទជាបណ្តោះអាសន្ន និងកំពុងស្រាវជ្រាវរកម្ចាស់ទីតាំង៕