កម្មវិធី Miss Planet International បង្កើតដោយកូនខ្មែរ បានប្រកាសនៅលើផេកផ្លូវការ ស្វែងរកអ្នកស្ម័គ្រចិត្តជាច្រើនផ្នែក ក្នុងការចូលរួមចំណែកនៃការរៀបចំកម្មវិធី
កម្មវិធីប្រកួតសម្រស់អន្តរជាតិ Miss Planet International លើកទី ៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ ដោយមានការចូលរួមប្រកួតពីបេក្ខភាពបវរកញ្ញាភពផែនដីឆ្នាំ ២០២៤ មកពី ៧០ ប្រទេសជុំវិញពិភពលោក។
អ្វីដែលកាន់តែពិសេសក្នុងឆ្នាំនេះ កម្មវិធីប្រកួត Miss Planet International លើកទី ៤ កំពុងបើកបង្ហាញមុខ និង ណែនាំពីបេក្ខភាពបវរកញ្ញាតំណាងប្រទេសនីមួយៗ ដោយសុទ្ធសឹងតែស្រស់សោភា មានសមត្ថភាព។ មិនត្រឹមតែប៉ុណ្ណោះ មហាជនកម្ពុជា ក៏ជឿជាក់ថាកម្មវិធី Miss Planet International លើកទី ៤ នេះ នឹងធ្វើឱ្យពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់ តាមរយៈការបង្ហាញពីអរិយធម៌ វប្បធម៌ នៃការចូលរួមផ្សព្វផ្សាយពីបវរកញ្ញាទាំង ៧០ ប្រទេស។
ដោយឡែក ក្រឡេកមកកាន់ការរៀបចំការប្រកួតបវរកញ្ញាលំដាប់អន្តរជាតិ ដែលជាការបង្កើតដោយកូនខ្មែរនេះវិញ បានប្រកាសនៅលើផេកផ្លូវការរបស់ Miss Planet International ស្វែងរកអ្នកស្ម័គ្រចិត្តជាច្រើនផ្នែក ក្នុងការចូលរួមចំណែកនៃការរៀបចំកម្មវិធីប្រកួតនៅលើទឹកដីកម្ពុជាឱ្យកាន់តែសម្បូរបែប។ ក្នុងនោះ ផេកផ្លូវការ Miss Planet International បានស្វែងរកអ្នកស្ម័គ្រចិត្តដូចជាផ្នែក «Artist and Makeup», «Content Creator» និង «Designer» ជាដើម៕