ហេតុការណ៍ដ៏គួរឱ្យរន្ធត់មួយនៅប្រទេសនីហ្សេរីយ៉ា ដែលមានឡានដឹកសាំងមួយគ្រឿងបានក្រឡាប់ និង បានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ ដែលបណ្តាលឱ្យមនុស្សរហូតដល់ទៅ ១៤៧ នាក់បានបាត់បង់ជីវិត
សារព័ត៌មានបរទេស បានរាយការណ៍ឱ្យដឹងពីហេតុការណ៍ដ៏គួរឱ្យរន្ធត់មួយនៅប្រទេសនីហ្សេរីយ៉ា ដែលមានឡានដឹកសាំងមួយគ្រឿងបានក្រឡាប់ និង បានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ ដែលបណ្តាលឱ្យមនុស្សរហូតដល់ទៅ ១៤៧ នាក់បានបាត់បង់ជីវិត។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍មួយនេះបានកើតឡើងនៅរដ្ឋ Jigawa ភាគខាងជើងប្រទេសនីហ្សេរីយ៉ា នាថ្ងៃម៉ោងប្រហែល ១១ និង ៣០ នាទី ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៤។ ក្នុងនោះឡានដឹកសាំងមួយគ្រឿងនេះ បានធ្វើដំណើរចេញពីក្រុង Kano ឆ្ពោះទៅទីក្រុង Nkuru ក្នុងរដ្ឋ Yobe តែចៃដន្យអ្នកបើកបរបាត់បង់ការគ្រប់គ្រង ក៏បណ្តាលឱ្យក្រឡាប់ និង ធ្លាយសាំងចេញមកក្រៅ ដោយមិនទាន់មានការផ្ទុះឆេះនោះទេ។
យ៉ាងណាមិញ ប៉ូលិសបានឱ្យដឹងថា គេបានព្យាយាមឃាត់មិនឱ្យអ្នកស្រុកចូលមកជិតកន្លែងកើតហេតុ តែពួកគេច្រើនណាស់ដែលនាំគ្នាចូលមកដួសសាំងយកទៅ ហើយជាអកុសលខណៈពួកគេកំពុងដួសនោះ ភ្លើងក៏បានផ្ទុះឆេះឡើង ដែលបណ្តាលឱ្យមានមនុស្សរហូតដល់ទៅ ១៤៧ នាក់បានបាត់បង់ជីវិត និង ១០០ នាក់ទៀតបានរងរបួស។ ដោយឡែក អ្នកបើកបរមិនបានរងគ្រោះថ្នាក់អ្វីឡើយ ហើយក៏ត្រូវប៉ូលិសឃាត់ខ្លួនដើម្បីសួរនាំផងដែរ៕
ប្រភព៖ Thairath