ករណីក្មេងប្រុសអាយុ ៤ ឆ្នាំមួយរូប រងរបួសត្រង់ភ្នែកខាងឆ្វេង បន្ទាប់ពីត្រូវបានចាក់ធ្លុះកញ្ចក់ចំគ្រាប់ភ្នែកដោយសិស្សផ្សេងក្នុងថ្នាក់មត្តេយ្យសិក្សានៃសាលាឯកជនមួយ

ថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក មហាជនជាច្រើនបាន និង កំពុងនាំគ្នាសម្ដែងក្ដីភ្ញាក់ផ្អើលទាក់ទិនទៅនឹងករណីក្មេងប្រុសអាយុ ៤ ឆ្នាំមួយរូប រងរបួសត្រង់ភ្នែកខាងឆ្វេង បន្ទាប់ពីត្រូវបានចាក់ធ្លុះកញ្ចក់ចំគ្រាប់ភ្នែកដោយសិស្សផ្សេងក្នុងថ្នាក់មត្តេយ្យសិក្សានៃសាលាឯកជនមួយ ក្នុងរាជធានីភ្នំពេញ។

ទាក់ទិនទៅនឹងរឿងនេះ បើតាមគណនីស្ត្រីជាម្ដាយមានឈ្មោះ Kanha Joly ក៏បានបង្ហោះរូបភាព និង សារមួយនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៤ នេះ ដោយបង្ហាញពីសភាពកូនប្រុសកំពុងសម្រាកព្យាបាលភ្នែកក្នុងមន្ទីរពេទ្យ ជាមួយការសូមទទូចឱ្យបងប្អូនជួយ share ដើម្បីរកភាពស្អាតស្អំ និង យុត្តិធម៌ជូនកូនប្រុសរបស់ខ្លួនទាំងក្តីឈឺចាប់។

គណនីរបស់ស្ត្រីជាម្ដាយបានបង្ហោះរៀបរាប់ថា ៖ «សិស្សមត្តេយ្យវ័យ ៤ ឆ្នាំម្នាក់ ក្នុងម៉ោងសិក្សា ត្រូវបានចាក់ធ្លុះកញ្ចក់គ្រាប់ភ្នែកម្ខាងដោយសិស្សផ្សេង គ្មានការសង្គ្រោះបឋម បន្តទុកចោលច្រើនម៉ោងដោយមិនផ្តល់ដំណឹងឱ្យឪពុកម្តាយ មិនខ្វល់ពីការបង្ករោគ មិនចាប់អារម្មណ៍ការវិវត្តធ្ងន់នៃរបួស ផុតម៉ោងសិក្សាប្រគល់សងដោយធ្វើមិនដឹងរឿង ពេលសួរនាំចោទថែមវិញថាចាក់ភ្នែកខ្លួនឯង ធ្វើឱ្យពន្យារពេលការព្យាបាល ជាលទ្ធផលដេរ ៧ ថ្នេរ ខូចគំហើញយ៉ាងតិច ៥០% កំពុងបន្តព្យាបាល និង បង្កផលវិបាកបន្តក្នុងជីវិត»

ជាមួយគ្នានេះទៀតសោត ម្ចាស់គណនីជាម្ដាយរបស់ក្មេងប្រុសរងគ្រោះបានបន្ថែមទៀតថា ៖ «សូមអាណាព្យាបាលសិស្សទាំងឡាយ ដែលមានកូនសិក្សានៅសាលាសុវណ្ណភូមិដូចខ្ញុំនៅទូទាំងប្រទេស ជួយពិចារណាប្រាប់ខ្ញុំ ថាតើការទទួលខុសត្រូវបែបណាសមរម្យទទួលយកបាន បើសិនហេតុការណ៍នេះកើតលើកូនអ្នក មិនមែនជាកូនខ្ញុំនៅពេលនេះវិញ? សូមគោរពជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មេត្តាជួយរកយុត្តិធម៌ដល់កុមារាម្នាក់នេះផង»

គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ តាមរយៈការឱ្យដឹងពីបុរសជាឪពុកក្មេងប្រុស ដែលមានគណនីឈ្មោះ Nhep Rattana បានបញ្ជាក់ថា ករណីកូនរបស់លោកអាយុ ៤ ឆ្នាំ ដែលរងគ្រោះថ្នាក់ចំភ្នែកធ្ងន់ធ្ងរនៅក្នុងថ្នាក់រៀនសាលាឯកជនមួយខាងលើនេះ គឺមានរយៈពេល ១ ខែគត់ហើយ ដោយមិនទាន់មានការទទួលខុសត្រូវនៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង