រឿងដ៏គួរឱ្យសោកស្ដាយបានកើតឡើងចំពោះតារាសម្ដែងប្រុស លោក អ៊ុន សិទ្ធា ដែលបានជួបទុក្ខធំ ព្រោះបាត់បង់មនុស្សជាទីគោរពស្រឡាញ់ម្នាក់ទៀតក្នុងគ្រួសារ
នៅព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៤ នេះ រឿងដ៏គួរឱ្យសោកស្ដាយបានកើតឡើងចំពោះតារាសម្ដែងប្រុស លោក អ៊ុន សិទ្ធា ដែលបានជួបទុក្ខធំ ព្រោះបាត់បង់មនុស្សជាទីគោរពស្រឡាញ់ម្នាក់ទៀតក្នុងគ្រួសារ គឺលោកឪពុករបស់លោកបានទទួលមរណភាពហើយ ក្រោយពីអ្នកម្ដាយបានចែកឋានជាង ៥ ឆ្នាំ។
តាមរយៈការបង្ហោះសារលើហ្វេសប៊ុករបស់តារាសម្ដែងប្រុស អ៊ុន សិទ្ធា បានរៀបរាប់ទាំងរំជួលចិត្តថា ៖ «លោកឪពុកខ្ញុំបានទៅជួបម៉ែហើយ ឪឈប់ឈឺ ឪឈប់ពិបាក ឪលែងខ្លាចខ្ញុំហត់ទៀតហើយ ឪផុតទុក្ខហើយ ឪបានទៅជួបជុំ ម៉ែ បងសុភក្ដិ បងនិមល និង បងសាលហើយ សូមឱ្យលោកទាំងអស់បានទៅកាន់ទីឋានស្ងប់សុខ។ សូមជម្រាបជូនដល់បងប្អូនមាមីង កូនៗ ក្មួយៗ ចៅៗទាំងអស់ ដែលជាសាច់សាលោហិតលោកឪពុក អ៊ុន សំអ៊ន់ ឱ្យបានជ្រាបថាលោកឪពុក បានទទួលមរណភាពហើយនៅយប់មិញ វេលាម៉ោង ៣:០៦ នាទីទៀបភ្លឺ ចូលថ្ងៃច័ន្ទ ទី១៤ ខែតុលា ឆ្នាំ ២០២៤ នៅផ្ទះពោធិ៍ចិនតុង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ»។
ក្រោយទទួលដំណឹងមរណភាពដ៏ក្រៀមក្រំនេះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើន បានសម្ដែងនូវការសោកស្ដាយជាខ្លាំង ព្រមទាំងចូលរួមរំលែកទុក្ខជាមួយតារាសម្ដែងប្រុសរូបនេះ និង ក្រុមគ្រួសារជាបន្តបន្ទាប់៕