បុរសចិត្តឆៅខឹងសាច់ញាតិបង្អាប់រឿងរកស៊ីមិនឡើង ផ្ទុះកំ-/ហឹង ដើរជួលគេ ៣០ ម៉ឺនឱ្យទៅដុ.-តផ្ទះ និង ៦០ ម៉ឺនទៅដុ.-តឡានគេចោល
នៅព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៤ នេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ជូនពីករណីនាំខ្លួនបុរសម្នាក់ឈ្មោះ យ៉ាន ណាក់ អាយុ ៣៧ ឆ្នាំ ស្នាក់នៅក្នុងភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង នាំមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ក្នុងករណីប៉ុនប៉ងឃាតកម្មទៅលើអ្នកដទៃ និង ប៉ុនប៉ងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិទៀតផង។
តាមប្រភពបានឱ្យដឹងថា នៅមុនពេលនាំខ្លួនមកធ្វើការសាកសួរនេះ ជនសង័្សយរូបនេះបានជិះម៉ូតូតែម្នាក់ឯង ស្វែងរកជួលមនុស្សឱ្យប្រព្រឹត្តិសកម្មភាពដូចខាងលើទៅលើមនុស្សចំនួន ០២ នាក់ ដែលត្រូវជាសាច់ញាតិរបស់ខ្លួន រស់នៅក្នុងមូលដ្ឋានឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយកំណត់តម្លៃនៃការធ្វើសកម្មភាព ដូចខាងក្រោមគឺ៖
– បើដុតផ្ទះឱ្យតម្លៃ ៣០ ម៉ឺនរៀល
– បើដុតរថយន្តឱ្យតម្លៃ ៦០ ម៉ឺនរៀល
-បើកាប់មនុស្សទាំង ០២ នាក់នោះ មួយកាំបិតឱ្យតម្លៃ ៣០ ម៉ឺនរៀល (តម្លៃគិតតាមមុខកាំបិត) ដែលកាប់បាន
ហើយចំពោះឧបករណ៍ធ្វើសកម្មភាពគេជាអ្នករៀបចំឱ្យមួយចប់រួមមាន ៖ (ដបសាំង ដែកកេះ កាំបិត រូបថត ជនរងគ្រោះ និង ប្លង់ផ្ទះរបស់ជនរងគ្រោះ)។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបន្តឱ្យដឹងថា នៅពេលដែលបុរសខាងលើស្វែងរកអ្នក (ជួល) ព្រមគ្នាសមត្ថកិច្ចនគរបាលក៏ទទួលបានព័ត៌មាននេះភ្លាមដែរ រួចក៏ចាប់ផ្តើមធ្វើការស្រាវជ្រាវ ស្របតាមជំនាញវិជ្ជាជីវៈនគរបាល រហូតកំណត់មុខសញ្ញាបាន និង ឈានទៅដល់ការនាំខ្លួនទៅធ្វើការសាកសួរ។
ក្នុងនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងដែលជនសង័្សយបានត្រៀមបម្រុងរួចជាស្រេចក្នុងការប៉ុនប៉ងធ្វើសកម្មភាពនោះគឺ ៖
– ដបសាំងចំនួន ០៤ ដប ស្មើនឹង ០៤ លីត្រ
– ពូថៅដែក ដងដែក ចំនួន ០១
– កាំបិតចុងស្រួចផ្លែដែក ដងជ័រ ចំនួន ០១
– ដែកកេះ ចំនួន ០២
– ដែករុំក្រណាត់សម្រាប់ដាក់ប្រេងសាំងដុត ចំនួន ០១
– រូបថត ចំនួន ០៣ សន្លឹក(ផ្ទៈ និង រូបថតជនរងគ្រោះ) ជាគោលដៅ
– ក្រដាស់គូរប្លង់ផ្ទះជនរងគ្រោះ ០១ សន្លឹក។
ចំពោះករណីនេះ នៅពេលធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានដើរស្វែងរកជួលមនុស្សឱ្យធ្វើសកម្មភាពខាងលើពិតប្រាកដមែន ក្នុងនោះបានត្រៀមបម្រុងនូវមធ្យោបាយដូចខាងលើទៀតផង ហើយមូលហេតុដែលរូបគេប៉ុនប៉ងធ្វើដូច្នេះ គឺដោយសារខឹងនឹងមនុស្សខាងលើ មើលងាយថាខ្លួននេះរកស៊ីមិនមានដូចគេ។ ទោះបីជាយ៉ាងនេះក្តី ពេលនេះសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទាំងមនុស្ស និង វត្ថុតាងទៅផ្នែកជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕
ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង