ការផ្ញើកង់ ម៉ូតូ របស់សិស្ស មិនឲ្យយកប្រាក់ឡើយ នៅពេលប្រឡង ២ ថ្ងៃនេះ ដោយរាល់ការចំណាយ គឺរដ្ឋបាលរាជធានីភ្នំពេញជាអ្នកចេញ

ភ្នំពេញ៖ នេះជាការណែនាំរបស់លោក កើត ឆែ អភិបាលស្តីទី នៃគណៈអភិបាល រាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្តីពីវិធានការរៀបចំ ការប្រទ្បងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី ៣ ខែវិច្ជិកា ឆ្នាំ២០២៣ នេះ នៅសាលារាជធានីភ្នំពេញ ដែលកិច្ចប្រជុំនេះ មានការចូលរួមពី អង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងតំណាងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរ និងកងកម្លាំងទាំង ១៤ ខណ្ឌ ។
កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងការប្រលងសំខាន់ ឱ្យដំណើរការ នៃការប្រលងនេះ ទទួលបានជោគជ័យ និងមិនមានភាពថ្លោះធ្លោយ ។

លោក កើត ឆែ នៅក្នុងឱកាសនោះ បានធ្វើការណែនាំឱ្យអាជ្ញាធរ ក៏ដូចជា កងកម្លាំង ប្រដាប់អាវុធទាំងអស់ ត្រូវពង្រឹងសុវត្ថិភាព នៅគ្រប់មណ្ឌលប្រលងទាំងអស់ ធ្វើយ៉ាងណា កុំឲ្យមានភាពឆក់ល្វែង ណាមួយកើតឡើង នៅពេលប្រឡងនេះ។ បន្ថែមពីនេះ លោកក៏បានណែនាំទៅឱ្យអាជ្ញាធរខណ្ឌ ត្រូវចុះពិនិត្យរដ្ឋបាល ចំពោះ មណ្ឌលប្រលងណា ដែលមានបងប្អូនប្រជាពលរដ្ឋ ស្នាក់នៅ ជាមួយនឹងការណែនាំ ទៅមន្ទីរសុខាភិបាល ដាក់ក្រុមគ្រូពេទ្យ ដើម្បីព្យាបាល ក៏ដូចជា សង្គ្រោះ នៅពេលដែល មានបេក្ខជនជនណាមួយ មានបញ្ហាសុខភាព។

ពាក់ព័ន្ធនឹងការផ្ញើកង់ ម៉ូតូវិញ លោក កើត ឆែ បានណែនាំមិនឲ្យយកប្រាក់ឡើយ នៅពេលប្រលង ២ ថ្ងៃនេះ ដោយរាល់ការចំណាយទាំងនេះ គឺរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកចេញ។ បន្ថែមពីនេះ សំរាប់កម្លាំងប៉ូលិសទាំងអស់ ពិសេសកម្លាំងប៉ូលិស នៃអធិការដ្ឋាននគរបាល ខណ្ឌទាំង១៤ គឺមិនត្រូវដាក់កម្លាំងរឹតបន្តឹងច្បាប់ចរាចរណ៍ ផ្លូវគោកនោះទេ ដើម្បីសម្រួលសារាចរ ដល់សិស្សានុសិស្ស បានទៅប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិនេះ បានទាន់ពេលវេលា។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំនេះ មានបេក្ខជនចុះ ឈ្មោះប្រឡងសរុបចំនួន ១៣៧.៤១២ នាក់ កើនឡើងជាងឆ្នាំមុន (៩.២៧៧ នាក់) ស្រី ៧៣.២៧៨ នាក់ ចែកជា ២២៧ មណ្ឌលត្រូវជា ៥.៥៤៣ បន្ទប់ ។ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤១.៣៧៩ នាក់ (ស្រី ២៤.៧៨៩ នាក់) បេក្ខជន ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៦.០៣៣ នាក់ (ស្រី ៤៨.៤៨៩ នាក់)។
ចំណែកគណៈមេប្រយោគ និងគណៈកម្មការផ្សេងៗ ដែលត្រូវចូលរួមក្នុងដំណើរការ ប្រឡង នៅគ្រប់ដំណាក់កាល មានចំនួនសរុប ២៩.៥២៥ នាក់ ក្នុងនោះមកពីថ្នាក់ ក្រសួងចំនួន ៤.១២៦ នាក់ និងមកពីថ្នាក់រាជធានី ខេត្ត ចំនួន ២៥.៣៩៩ នាក់ ។ ដោយឡែក សំរាប់រាជធានីភ្នំពេញ មានមណ្ឌលប្រលងចំនួន ៣១ មណ្ឌល និងមានបេក្ខជន ចំនួន ២៥.៨៣៥ នាក់៕

អត្ថបទដែលជាប់ទាក់ទង