សម្តេចតេជោ ហ៊ុន សែន ទម្លាយរឿងឆបោករបស់លោក លី សាម៉េត ហើយស្នើឱ្យក្រសួងយុត្តិធម៌ និង តុលាការ បង្កកទ្រព្យសម្បត្តិទុកសងជនរងគ្រោះ
កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ តាមរយៈផេកហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះរូបភាពភ្ជាប់ជាមួយសារមួយពាក់ព័ន្ធទៅនឹងករណីរបស់លោក លី សាម៉េត។
តាមរយៈការបង្ហោះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖ «លី សាម៉េត តែងប្រើឈ្មោះខ្ញុំដើរបោកប្រាស់គេ រហូតថាយកលុយដែលបោកប្រាស់បានយកមកជូនខ្ញុំទៀតផង ដោយប្រាប់គេថាខ្លួនចេញចូលផ្ទះខ្ញុំក្នុងពេលណាក៏បាន ក្នុងពេលដែល លី សាម៉េត មិនដឹងថាផ្ទះខ្ញុំបែរមុខទៅខាងណាផង។ ឆ្នាំ ២០២២ លី សាម៉េត បោកលុយឈ្មោះ សុខ ឡេង ១០ លានដុល្លារ ថាយកមកឱ្យខ្ញុំ តែពេល សុខ ឡេង ផ្តាំឱ្យសួរខ្ញុំតាមកូនចិញ្ចឹមខ្ញុំ ទ្រី សុខា ទើបខ្ញុំដឹង ក៏ទាមទារពី លី សាម៉េត ប្រគល់ឱ្យ សុខ ឡេង វិញទាំងអស់ ដោយពេលនោះយក លី សាម៉េត ទៅសួរចម្លើយ និង ប្រគល់ទទួលប្រាក់នៅស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ»។
សម្ដេចបានបន្តមានប្រសាសន៍បន្តឱ្យដឹងថា ៖ «មុននេះប៉ុន្មានថ្ងៃ ខ្ញុំបានប្រាប់ទៅ លី សាម៉េត ឱ្យសងលុយទៅ មួង ឃីម ចំនួន ២៣ ម៉ឺនដុល្លារ ក្រោយ មួង ឃីម បញ្ជូនសារជាវីដេអូមកខ្ញុំ អមដោយសារសំឡេងឆ្លងឆ្លើយគ្នា (បានសងរួចហើយ)។ ថ្ងៃនេះខ្ញុំទទួលវីដេអូពីលោក កន សុខកាយ អភិបាលស្រុកល្វាឯមថា លី សាម៉េត បានយកប្រាក់ពីគាត់ចំនួន ៣០ ម៉ឺនដុល្លារ ដើម្បីរត់ការឱ្យបានតំណែងជាអភិបាលក្រុងអរិយក្សត្រ។ ក្នុងមុខតំណែងជារដ្ឋមន្ត្រី ៦ ឆ្នាំ ជានាយករដ្ឋមន្ត្រី ៣៨ ឆ្នាំ និង ពេលនេះជាប្រធានព្រឹទ្ធសភា អមដោយអំណាចជាប្រមុខរដ្ឋស្តីទី ក្នុងពេលអវត្តមានព្រះមហាក្សត្រ ខ្ញុំធ្លាប់ចុះហត្ថលេខាតែងតាំង និង ដំឡើងស័ក្តិមន្ត្រីរាប់ម៉ឺននាក់ ទាំងស៊ីវិល និង កងកម្លាំងប្រដាប់អាវុធ ខ្ញុំមិនដែលទទួលយកអន្តរាគមន៍ពីអ្នកណានោះឡើយ មិនថាតាមការស្នើសុំ ឬ តាមសំណូកណាមួយនោះឡើយ។ ផ្ទុយទៅវិញ មន្ត្រីមួយចំនួនទទួលបានការតែងតាំងហើយ ទទួលបានការជួយពីខ្ញុំថែមទៀតដើម្បីឱ្យពួកគាត់មានមធ្យោបាយធ្វើការ»។
បន្ទាប់ពីទម្លាយពីឆបោករបស់លោក លី សាម៉េត ហើយ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា ករណីលោក លី សាម៉េត នេះអាចនៅមានមនុស្សច្រើនទៀតដែលចាញ់បោកគាត់ក្រោមរូបភាពយកឈ្មោះសម្ដេចទៅប្រើ ដើម្បីជម្រះបញ្ជីមួយនេះ។
សម្ដេចបានបន្តជាចុងក្រោយថា តាមរបៀបពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង សម្ដេចសូមស្នើឱ្យមានចំណាត់ការលើកករណី លោក លី សាម៉េត ដូចឱ្យខាងក្រោម ៖
១. រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការ ដើម្បីចេញដីកាការពារទ្រព្យសម្បត្តិ លី សាម៉េត ដើម្បីទុកសងដល់អ្នកចាញ់បោក លី សាម៉េត។
២. អ្នកចាញ់បោក លី សាម៉េត ទាំងអស់ ដាក់ពាក្យប្តឹង ឬ ទាមទារសំណងទៅកាន់មេធាវីសម្តេចតេជោ។
៣. ឯកឧត្តម គី តិច រៀបចំមេធាវីសម្តេចតេជោ ចាំទទួលពាក្យបណ្តឹង និង ធ្វើការសម្របសម្រួលលើរឿងដែលអាចសម្របសម្រួលបាន។ ចំពោះរឿងមិនអាចសម្របសម្រួលបាន ត្រូវប្តឹងទៅតុលាការចាត់ការតាមច្បាប់។
៤. ស្នើសុំសមត្ថកិច្ចតាមឃ្លាំមើល លី សាម៉េត កុំឱ្យរត់ចេញផុតពីសំណាញ់ច្បាប់៕