សិក្ខាសាលាស្តីពីការកំណត់បែបបទ នីតិវិធី និង វិធានគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និង អនុវត្តគោលការណ៍ «ឆន្ទៈល្អ»
នាថ្ងៃព្រហស្បតិ៍ ទី ១០ ខែតុលា ឆ្នាំ ២០២៤ វេលាម៉ោង ៨:០០ ព្រឹក នៅសណ្ឋាគារសុខាភ្នំពេញ ក្រសួងព័ត៌មានបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយប្រកាស ស្តីពីការកំណត់បែបបទ នីតិវិធី និង វិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និង គោលការណ៍ «ឆន្ទៈល្អ» ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយផលិតផលគ្រឿងស្រវឹង (ក.គ.ផ.ស.)។
សិក្ខាសាលាផ្សព្វផ្សាយនេះ មានការសហការរៀបចំឡើងដោយ ក្រុមហ៊ុន MSA MARKETING SOLUTIONS ASIA LTD. ឬ MSA។ ក្នុងនោះមានអ្នកចូលរួមសរុបប្រមាណ ១០០០ នាក់ ដោយមានវត្តមានពី ឯកឧត្តម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំ និង ជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ អ្នកឧកញ៉ា ឧកញ៉ា អគ្គនាយក នាយិកា ក្រុមហ៊ុនធុរកិច្ចឧស្សាហកម្មគ្រឿងស្រវឹង លោក លោកស្រីនាយកក្រុមហ៊ុនភ្នាក់ងារផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង សមាគមសិល្បករខ្មែរ សមាគមវិទ្យុទូរទស្សន៍ សមាគមអ្នកសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងបងប្អូនសិល្បករ សិល្បការិនី អ្នកមានប្រជាប្រិយភាពតាមបណ្តាញទំនាក់ទំនងសង្គម KOL អ្នកផលិតមាតិកាឌីជីថល រួមទាំងភ្ញៀវជាតិ និង អន្តរជាតិ។
ទន្ទឹមនឹងការប្រកាសស្តីពីការកំណត់អំពីបែបបទ នីតិវិធី និង វិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង សិក្ខាសាលានេះមានការរៀបចំនូវវេទិកាពិភាក្សាចំនួនពីរ ដែលចូលរួមដោយវាគ្មិនពាក់ព័ន្ធសំខាន់ៗ។ កិច្ចពិភាក្សាទី ១ ក្រោមប្រធានបទ ៖ «ការអនុវត្តច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការផ្សព្វផ្សាយពាណិជ្ជកម្មផលិផលគ្រឿងស្រវឹង នៅព្រះរាជាណាចក្រកម្ពុជា» និង កិច្ចពិភាក្សាទី ២ ៖ «ផលប៉ះពាល់ និង ការរៀបចំសណ្តាប់ធ្នាប់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង»។
ក្នុងឱកាសនេះ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ៖ «សិក្ខាសាលានេះមិនមែនដើម្បីផ្សព្វផ្សាយ និង លើកទឹកចិត្តឱ្យប្រើប្រាស់គ្រឿងស្រវឹងទេ ប៉ុន្តែជាការជួបជុំគ្នារវាងអ្នកពាក់ព័ន្ធទាំងអស់ក្នុងវិស័យធុរកិច្ចឧស្សាហកម្មគ្រឿងស្រវឹង និង ស្ថាប័នអនុវត្តច្បាប់នានា ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវសណ្តាប់ធ្នាប់ នៅក្នុងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និង ការផ្សាយពាណិជ្ជកម្មលក់ផលិតផលគ្រឿងស្រវឹង និង ក៏ដើម្បីលើកកម្ពស់ការទទួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុនផលិតផលផលិតគ្រឿងស្រវឹង និង ក្រុមហ៊ុននាំចូលផលិតផលគ្រឿងស្រវឹងទាំងអស់ ដោយធ្វើតុល្យភាពរវាងផលចំណេញសេដ្ឋកិច្ច ពីការវិនិយោគ និង ការទទួលខុសត្រូវសង្គមរបស់ខ្លួន»។
ជាមួយគ្នានោះដែរ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានប្រកាសនូវសារអប់រំគោលការណ៍ «ឆន្ទៈល្អ» ចំនួន ៣ រួមមាន ៖ «ការប្រើប្រាស់គ្រឿងស្រវឹង ប៉ះពាល់ដល់សុខភាពតាំងពីកែវដំបូង», «ទទួលទានគ្រឿងស្រវឹងសូមកុំបើកបរ», «ប្រើប្រាស់គ្រឿងស្រវឹងអាចបង្កឱ្យកើតអំពើហិង្សា សង្គម គ្រួសារ និង ផ្លូវភេទ»។
តាមរយៈសិក្ខាសាលានេះ ឯកឧត្តម នេត្រ ភក្ត្រា សូមលើកទឹកចិត្តដល់ក្រុមហ៊ុនបណ្តាផលិតផលគ្រឿងស្រវឹងទាំងអស់ គួរផោ្តតលើគុណភាពផលិតផល និង សុខភាពរបស់អ្នកប្រើប្រាស់ ជាជាងការចំណាយថវិកាច្រើន លើការប្រកួតប្រជែងដើម្បីយកទីផ្សារដោយខ្វះការទទួលខុសត្រូវ។
ឯកឧត្តមក៏បានអំពាវនាវដល់បណ្តាអ្នកពាក់ព័ន្ធទាំងអស់ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍នៃការផ្សព្វផ្សាយពាណិជ្ជកម្មទាំង ១៧ ចំណុច របស់ក្រុមការងារគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គោលការណ៍ «ឆន្ទៈល្អ» និង វិធានការ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល សំដៅធានាបានប្រយោជន៍រួម ការលូតលាស់សេដ្ឋកិច្ចជាតិ និរន្តរភាពការងារជូនប្រជាពលរដ្ឋកម្ពុជា និង ធានាប្រព័ន្ធផ្សព្វផ្សាយឱ្យមានដំណើរការល្អ ដែលជាកម្លាំងចលករជំរុញឱ្យសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើនថែមទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋភិបាល ក្នុងការកសាងប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍន៍ប្រកបដោយចរីភាព។
គួរឱ្យដឹងដែរថា ក្រោយបញ្ចប់សិក្ខាសាលាផ្សព្វផ្សាយប្រកាស ស្តីពីការកំណត់បែបបទ នីតិវិធី និង វិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និង គោលការណ៍ «ឆន្ទៈល្អ» ក៏មានការអញ្ជើញរបស់ឯកឧត្តមរដ្ឋមន្ត្រី និង ថ្នាក់ដឹកនាំទៅសម្ពោធផ្ទាំងប៉ាណូ «ឆន្ទៈល្អ» នៅរង្វង់មូលបាយ័នជ្រោយចង្វារនៃរាជធានីភ្នំពេញផងដែរ៕