ក្រសួងសុខាភិបាល បានធ្វើការក្រើនរំឭកដល់សាធារណជន ជាពិសេសយុវវ័យក្នុងការចូលរួមទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក (E-cigarettes) ដែលបង្កគ្រោះថ្នាក់លើសុខភាពធ្ងន់ធ្ងរ

បញ្ហាការប្រើប្រាស់បារីអេឡិចត្រូនិក កាន់តែឃើញមានច្រើនក្នុងចង្កោមយុវវ័យ មិនថាប្រុសស្រីនោះឡើយ រហូតធ្វើឱ្យមានការជជែកវែកញែកយ៉ាងខ្លាំងកលើបញ្ហានេះចំពោះសុខភាព។ យ៉ាងណាមិញ ស្របពេលនឹងបញ្ហានេះ បាន និង កំពុងកើនឡើងច្រើន កាលពីខែឧសភា ឆ្នាំ ២០២៤ កន្លងទៅនេះ ក្រសួងបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីផលប៉ះពាល់នៃប្រើប្រាស់បារីអេឡិចត្រូនិកនេះ។

ក្រសួងសុខាភិបាល បានធ្វើការក្រើនរំឭកដល់សាធារណជន ជាពិសេសយុវវ័យក្នុងការចូលរួមទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក (E-cigarettes) ដែលបង្កគ្រោះថ្នាក់លើសុខភាពធ្ងន់ធ្ងរ។ បារីអេឡិចត្រូនិក មានសារធាតុនីកូទីន និង សារធាតុគ្រោះថ្នាក់ជាច្រើនទៀត ដែលធ្វើឱ្យមានគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។

បារីអេឡិចត្រូនិក ឬ វេប គឺជាឧបករណ៍ដែលប្រើប្រាស់ថាមពលថ្ម បង្កើតជាកម្ដៅដុតអង្គធាតុរាវ ដើម្បីបង្កើតជាចំហាយសម្រាប់ជក់ ឬ បឺត ហើយចំហាយចេញពីបារីអេឡិចត្រូនិកនេះមានសារធាតុដ៏មានគ្រោះថ្នាក់ ដូចជា ៖

-នីកូទីន (Nicotine)

– ភាគល្អិតតូចៗដែលអាចស្រូបចូលជ្រៅទៅក្នុងសួត

– សារធាតុគីមីដែលមានក្លិនដូចជា Diacetyl ដែលអាចបណ្តាលឱ្យមានជំងឺសួតធ្ងន់ធ្ងរ

– បង់សែន (Benzene) ជាសារធាតុសរីរាង្គ មានក្នុងផ្សែងរថយន្ត

– សារធាតុគីមី ដែលអាចបណ្តាលឱ្យកើតជំងឺមហារីកដូចជា Acetaldehyde និង Formaldehyde

– ក្រុមលោហៈធ្ងន់ដូចជា នីកែល សំណប៉ាហាំង និងសំណ។

បារីអេឡិចត្រូនិក បង្កផលប៉ះពាល់លើសុខភាពដោយសារនីកូទីន ជាសារធាតុដែលបណ្តាលឱ្យញៀនខ្លាំង បង្កគ្រោះថ្នាក់ចំពោះស្ត្រីមានផ្ទៃពោះ និង ការលូតលាស់ទារកក្នុងផ្ទៃ ប៉ះពាល់ដល់ការលូតលាស់ ខួរក្បាលចំពោះយុវវ័យ និង មុខងារនៃការត្រួតពិនិត្យរបស់ខួរក្បាល ដែលនាំឱ្យមានការថយចុះនៃការផ្ចង់ អារម្មណ៍ ការរៀនសូត្រ និងការគ្រប់គ្រងកំហឹង ព្រមទាំងប្រឈមនឹងការញៀននឹងសារធាតុញៀនផ្សេងទៀត។

យ៉ាងណាមិញ នីកូទីនក៏ដូចសារធាតុញៀនដទៃទៀតបណ្តាលឱ្យមានការប្រែប្រួលផ្លូវចិត្ត (Mood)។ ការប្រើប្រាស់នីកូទីនអាចបណ្តាលឱ្យសម្ដែងចេញជាភាពមួរម៉ៅ រសាប់រសល់ ថប់បារម្ភ ឬ អស់សង្ឃឹម វិបត្តិនៃការគេង ពិបាកផ្ចង់អារម្មណ៍ និង សន្ទុះចិត្តចង់ប្រើនីកូទីន៕

អត្ថបទដែលជាប់ទាក់ទង