ឆេះមន្ទីរពេទ្យមួយនៅតៃវ៉ាន់ ឆក់យកជីវិ-តមនុស្សអស់ ៩ នាក់ ឯអ្នកជំងឺ ៣០០ នាក់ទៀត ជ្រួលច្របល់រត់សឹងមិនរួចខ្លួន
នៅថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៤ នេះ សារព័ត៌មាន BBC បានរាយការណ៍ឱ្យដឹងពីហេតុការណ៍អគ្គិភ័យមួយ ដែលបានឆាបឆេះនៅមន្ទីរពេទ្យមួយកន្លែងនៅក្នុងស្រុក Pingtung ភាគខាងត្បូងតៃវ៉ាន់ ដែលបង្កឱ្យមានមនុស្សស្លាប់រហូតដល់ ៩ នាក់។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅម៉ោងប្រមាណ ៩ និង ៤០ នាទីព្រឹក ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៤ ដែលតាមព័ត៌មានបានឱ្យដឹងថាមានមនុស្សចំនួន ៩ នាក់បានបាត់បង់ជីវិត ដោយឡែកមនុស្សចំនួន ៣០០ នាក់ទៀត ដែលសុទ្ធតែជាអ្នកជំងឺ ត្រូវបានគេជួយសង្រ្គោះទាន់ពេលវេលា និងមានសុវត្ថិភាព។
យ៉ាងណាមិញ ខាងអាជ្ញាធរបានចុះទៅអន្តរាគមន៍ពន្លត់អគ្គិភ័យភ្លាមៗដែរ តែដោយសារតែលក្ខខណ្ឌអាកាសធាតុ ជាមួយនឹងខ្យល់បក់កម្លាំងខ្លាំង បានធ្វើឱ្យការពន្លត់មានការពិបាក ហើយត្រូវប្រើពេលអស់ជាង ៣ ម៉ោងឯណោះ ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។ ដោយឡែក ខាងអាជ្ញាធរពាក់ព័ន្ធបានកំពុងតែត្រួតពិនិត្យរកមូលហេតុនៃការឆាបឆេះនេះ ប៉ុន្តែក្នុងនោះក៏សង្ស័យថាអាចបណ្តាលមកពីការផ្ទុះសេខ្សែភ្លើង៕