អតីតភរិយាម្ចាស់ផលិតកម្ម LD អ្នកនាង សុទ្ធ បញ្ចកា បានចែករំលែកសារមួយនិយាយទៅកាន់លោក Allan
នាពេលប៉ុន្មានថ្ងៃនេះ មហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ភាគច្រើមបានជ្រាបហើយជុំវិញរឿងរ៉ាវទាក់ទងនឹងវិស័យផលិតភាពយន្តខ្មែរ ដែលកំពុងផ្ទុះការវែកញែកខ្លាំង ក្រោយពីអ្នកបង្កើតមាតិកាល្បីឈ្មោះ Allan បានបង្ហោះបញ្ចេញមតិបែបរិះគន់លើកុនខ្មែររបស់ផលិតកម្ម LD រឿង «ប្រវត្តិស្នេហ៍នាងនាថ» វគ្គ ២ ដែលកំពុងចាក់បញ្ចាំង។
ចំពោះការបង្ហោះបញ្ចេញមតិរិះគន់របស់លោក Allan នេះ ត្រូវបានធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យភាពយន្តខ្មែរជាច្រើន បានបង្ហាញការមិនពេញចិត្តនឹងការលើកឡើងរបស់លោកចំពោះសាច់រឿងកុនមួយនេះ ដែលស្របពេលនោះ ក៏ឃើញមានអ្នកវិនិយោគទុនលើការផលិតរឿងម្នាក់ ក៏បានបញ្ចេញមតិឱ្យរូបលោកថតរឿងមួយដោយខ្លួនឯងទៀតផង។
ជាមួយគ្នានោះ ក្រៅពីមហាជនអ្នកគាំទ្រវិស័យភាពយន្ត និង មានការបង្ហោះឆ្លើយឆ្លងយ៉ាងគគុករវាងលោក Allan និង អ្នកវិនិយោគរូបនោះ ក្រឡេកទៅមើលបណ្ដាញសង្គមហ្វេសប៊ុករបស់ម្ចាស់ផលិតកម្ម LD លោក លៀក លីដា ក៏បានចេញវីដេអូនិយាយទៅកាន់លោក Allan ទាក់ទងនឹងការរិះគន់ដោយចេតនាលើការផលិតសាច់រឿងរបស់លោក។
ខណៈនោះដែរ អ្វីកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ជាងនេះ ក្រោយបានឃើញគណនីហ្វេសប៊ុករបស់អតីតភរិយាម្ចាស់ផលិតកម្ម LD រូបនេះ គឺអ្នកនាង សុទ្ធ បញ្ចកា បានចែករំលែកសារមួយនិយាយទៅកាន់លោក Allan ដែរ ដោយដ្បិតតែអ្នកនាងបានចែកផ្លូវជាមួយអតីតស្វាមីមែន ប៉ុន្តែចំពោះរឿងរ៉ាវទាក់ទងនឹងផលិតកម្ម LD អ្នកនាងសុំលើកយកមកនិយាយដោយបង្ហាញពីឫសគល់ល្អៗរបស់ផលិតកម្មនេះជាច្រើន។
សារនោះ អ្នកនាង សុទ្ធ បញ្ចកា បានរៀបរាប់ថា ៖ «Bro ! ថ្វីដ្បិតខ្ញុំស្អប់ អតីតប្តីខ្ញុំមែន តែខ្ញុំហ៊ាននិយាយថា ខ្ញុំនៅ LD តាំងពីបង្កើតដំបូង តាំងពី LD ជួលកាមេរ៉ាគេថត តែឥលូវកាមេរ៉ា គេរាប់ម៉ឺនដុល្លារ សួរថារឿងនេះមកពីសំណាង ឬ មកពីអ្នកវិនិយោគរឿងគាត់? ច៎ា ខ្ញុំប្រាប់ ដំបូងឡើង ដោយសារគេឃើញថាល្អ គួរឱ្យវិនិយោគទេ មុនទេ បានគេហ៊ានហ៊ុនរាប់ម៉ឹនដុល្លារលើរឿងរបស់ LD មួយៗ បើប្រូពូកែ ប្រូបង្កើតរឿងមួយមើស បើគេឃើញថាល្អលើស LD គេនឹងមករកប្រូខ្លួនឯងហើយ មិនបាច់ខំជាន់ទម្លាក់គេទេ! មតិដូចប្រូ មិនសូវច្រើនទេ តែខ្ញុំឃើញការសរសើរច្រើនជាង លើរឿងរបស់ LD មួយៗ! ហើយខ្ញុំហ៊ាននិយាយថា មនុស្ស និង បុគ្គលិក នៅ LD សុទ្ធតែអ្នកខ្លាំងៗ ហើយរឿងស្រុកខ្មែរ ក៏ខ្ញុំអត់ឃើញរឿងណា លើស LD ដែរ!»៕