ព្រលានយន្តហោះសុវណ្ណភូមិរបស់ថៃ បានប្រទះរឿងចលាចល ក្រោយពីមានអ្នកដំណើរម្នាក់គំរាមថា មានគ្រាប់បែកនៅលើជើងហោះហើររបស់យន្តហោះមួយ

កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅនេះ ព្រលានយន្តហោះសុវណ្ណភូមិរបស់ថៃ បានប្រទះរឿងចលាចល ក្រោយពីមានអ្នកដំណើរម្នាក់គំរាមថា មានគ្រាប់បែកនៅលើជើងហោះហើររបស់យន្តហោះមួយ។

តាមព័ត៌មានបានឱ្យដឹងថា ការគំរាមនេះបានកើតឡើងនៅលើ យន្តហោះ Thai Airways Vietjet ជើងហោះហើរ VZ961 ពីទីក្រុង Da Nang ប្រទេសវៀតណាម ដែល​មាន​អ្នក​ដំណើរចំនួន ​១២១​នាក់ ក្នុង​នោះ​មាន​ទារក​ ១​ នាក់ និង​អ្នក​បើក​យន្តហោះ ព្រមទាំងនាវិក​ចំនួន ៦​នាក់ ។ ដោយឡែក ខាងអាជ្ញាធរពាក់ព័ន្ធទាំងឡាយ បានចុះអន្តរាគមន៍យ៉ាងប្រញាប់ប្រញាល់ ដោយបានឱ្យយន្តហោះចុះចត និងនាំអ្នកដំណើរទៅកាន់ទីសុវត្ថិភាពសិន ហើយបានធ្វើការឆែកឆេរអីវ៉ាន់ទាំងអស់នៅលើយន្តហោះយ៉ាងហ្មត់ចត់ តែជាលទ្ធផលគេមិនបានរកឃើញគ្រាប់បែក ឬសារធាតុផ្ទុះណាមួយឡើយ។

តាម​ការ​ស៊ើបអង្កេត​បឋម​បាន​រក​ឃើញ​ថា ហេតុការណ៍​នេះ​ បានបង្ក​ឡើង​ដោយ​ស្ត្រី​អ្នក​ដំណើរ​សញ្ជាតិ​ប៉ូឡូញម្នាក់ ហើយខាងអាជ្ញាធរក៏បានឃាត់ខ្លួន ទៅសួរនាំដើម្បីស្វែងរកការពិត និងចាត់វិធានការតាមផ្លូវច្បាប់បន្តទៀត។ ដោយឡែក ក្នុងករណីនេះ បើសិនជាអ្នកដទៃមានការភ័យស្លន់ស្លោ នោះជនល្មើសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ៥ ឆ្នាំ ឬពិន័យជាប្រាក់ ២ សែនបាត ឬប្រហែល ៦ ពាន់ដុល្លារ ហើយបើសិនជាមានការបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពរបស់អ្នកដទៃ នោះជនល្មើសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១៥ឆ្នាំ ឬពិន័យជាប្រាក់ពី ២ សែនបាត ដល់ ៦ សែនបាត ដែលស្មើប្រហែលជាង ១.៨ ម៉ឺនដុល្លារ៕

ប្រភព៖ Sanook 

អត្ថបទដែលជាប់ទាក់ទង