មន្ទីរពេទ្យធំមួយក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ ជួបទឹកជំនន់ធំជនលិចដល់ក្នុងអគារ បណ្ដាលឱ្យគ្រូពេទ្យបង្ខំចិត្តផ្អាកទទួលអ្នកជំងឺ

អស់ពីខេត្តឈៀងរ៉ៃ ឥឡូវនេះទឹកជំនន់ក្នុងប្រទេសថៃ កំពុងតែវាយលុកទៅក្នុងខេត្តឈៀងម៉ៃម្តង ដែលបណ្តាលឱ្យមានលិចលង់កន្លែងជាច្រើននៅក្នុងខេត្ត និងចាប់ផ្តើមប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន។

យ៉ាងណាមិញ តាមព័ត៌មានបានឱ្យដឹងថា ពេលនេះទឹកជំនន់មានការលិចចូលទៅក្នុងមន្ទីរពេទ្យ Lanna Hospital 3 ដែលស្ថិតនៅក្នុងតំបន់ Pa Tan ស្រុក Muang របស់ខេត្តឈៀងម៉ៃទៅហើយ។ ក្នុងនោះ ទឹកជំនន់បានលិចចូលទៅដល់ក្នុងជាន់ក្រោមរបស់អាគារ ដែលត្រូវធ្វើឱ្យអាជ្ញាធរបាននាំបុគ្គលិកមួយចំនួន និង សម្ភារៈពេទ្យសំខាន់ៗជាច្រើននៅជាន់ក្រោម ដើម្បីចេញទៅទុកនៅមន្ទីរពេទ្យ Lanna Hospital 1 ជាបន្ទាន់។

ដោយឡែក សម្រាប់អ្នកជំងឺវិញនៅមិនទាន់មានការបញ្ជូនចេញនៅឡើយទេ ដោយពួកគេភាគច្រើនបានកំពុងសម្រាកនៅលើជាន់ទីពីរ ហើយខាងមន្ទីរពេទ្យក៏បានផ្អាកទទួលអ្នកជំងឺមួយរយៈសិនផងដែរ លើកលែងតែករណីបន្ទាន់ ដោយរង់ចាំឱ្យទឹកជំនន់ស្រក និង ស្ថានការណ៍ត្រឡប់មកដូចដើមវិញសិន៕

ប្រភព៖ Thairath

អត្ថបទដែលជាប់ទាក់ទង