ឧកញ៉ា ហុី គឹមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស រួមទាំងគូកន៥នាក់ផ្សេងទៀត ត្រូវបានដោះលែងចេញពីពន្ធនាគារប៉េហ្សុី អោយនៅក្រៅឃុំបណ្តោះអាសន្ន

ភ្នំពេញ៖ កាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឧកញ៉ា ហុី គឹមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស រួមទាំងគូកន៥នាក់ផ្សេងទៀត ត្រូវបានដោះលែងចេញពីពន្ធនាគារប៉េហ្សុី អោយនៅក្រៅឃុំបណ្តោះអាសន្ន ។
នេះបើយោងតាមប្រភពព័តិមានពីពន្ធនាគារប៉េហ្សុីភ្នំពេញ ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ ។ ការដោះលែងលោក ឧកញ៉ា ហុី គឹមហុង និងអាម៉ាតរបស់គាត់អោយនៅក្រៅឃុំនេះគឺយោងតាមសេចក្ដីសម្រេចស៊ើបសួរសាលាឧទ្ធរណ៍កាលពីថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០២៣ ។

លោក ហ៊ី គឹមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស ត្រូវបានឃាត់ខ្លួននៅនឹងទីស្នាក់ការក្រុមហ៊ុនពិភពដីមាស នៅភូមិត្រពាំងថ្ងាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ក្រោយពីមានការប្រទូស្តរាយផ្ទុះអាវុធគំរាមគ្នារវាងសមត្ថកិច្ច និងកងអាម៉ាតរបស់អ្នករកសុីដីធ្លីនេះ ។ ក្រោយចាប់ខ្លួន តុលាការបានចោទប្រកាន់ពីបទ រំលោភសេចក្តីទុកចិត្ត និងឆបោកពលរដ្ឋរាប់រយគ្រួសារ និងត្រូវឃុំខ្លួនបណ្ដោះអាសន្នចំនួន៦នាក់ ចំណែកមនុស្សប្រុស ស្រី ៨នាក់ផ្សេងទៀតត្រូវដោះលែងអោយមានសេរីភាពវិញ ។

មុនឈានដល់ការចាប់ខ្លួនអ្នកឧកញ៉ារូបនេះ ដោយសារអ្នកពាក់ព័ន្ធ រួមនឹងអ្នកការពារជាច្រើននាក់ បានប្រើប្រាស់កាំភ្លើងច្រូងច្រាង និងវាយលើសមត្ថកិច្ចថែមទៀត។
កន្លងមកក្រុមហ៊ុនពិភពដីមាស ត្រូវបានប្រជាពលរដ្ឋរាប់រយគ្រួសារដាក់ពាក្យប្តឹងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីសំណូមពរឱ្យជួយពន្លឿនក្នុងការរកដំណោះស្រាយបញ្ចប់វិវាទជាមួយក្រុមហ៊ុនមួយនេះ។ ក្រុមប្រជាពលរដ្ឋបានបញ្ជាក់ថា មកដល់ពេលនេះក្រុមហ៊ុនគ្មានដំណោះស្រាយសមស្របណាមួយសម្រាប់ពួកគាត់នោះឡើយ ខណៈបុគ្គលិកធនាគារកាន់តែបង្ខំទាលុយដោយនាំគ្នាមកដល់ផ្ទះពួកគាត់ស្ទើររាល់ថ្ងៃ ដោយអ្នកខ្លះមិនហ៊ាននៅផ្ទះទេ ព្រោះបុគ្គលិកធនាគារខ្លះប្រើពាក្យសម្តីពិបាកស្តាប់ណាស់។ ក្រុមហ៊ុនពិភពដីមាស ខកខានផ្តល់លុយជាច្រើនខែមកហើយទៅឱ្យពលរដ្ឋតាមកិច្ចសន្យា។

យោងតាមរបាយការណ៍ពី ស្នងការដ្ឋាននគរបាលខេត្តកំពតថា បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងក្រុមហ៊ុនពិភពដីមាសចំនួន ៦៧៨បណ្តឹង ក្នុងទំហំទឹកប្រាក់ប្រមាណ ១២.៦៤៧.៣៥០ដុល្លារ (ដប់ពីរលានប្រាំមួយរយសែសិបប្រាំពីរពាន់បីរយហាសិបដុល្លា)៕

អត្ថបទដែលជាប់ទាក់ទង