កំពុងផ្ទុះការចាប់អារម្មណ៍នឹងសំណេរមួយរបស់រាជិនីសំឡេង ម៉េង កែវពេជ្ជតា ដែលបានរៀបរាប់ពីការសំណូមពររបស់អ្នកគាំទ្រ ឱ្យរៀបចំ Solo Concert នៅក្នុងស្រុកខ្មែរលើកទី ៣

កាលពីថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក កំពុងផ្ទុះការចាប់អារម្មណ៍នឹងសំណេរមួយរបស់រាជិនីសំឡេង ម៉េង កែវពេជ្ជតា ដែលបានរៀបរាប់ពីការសំណូមពររបស់អ្នកគាំទ្រ ឱ្យអ្នកនាងរៀបចំការប្រគំតន្ត្រីទោល។

ក្នុងនោះ តារាចម្រៀងរៀមច្បងរូបនេះ ក៏បានឱ្យដឹងថា បើគិតចាប់តាំងពីឆ្នាំ ១៩៩៧ មក អ្នកនាង បានរៀបចំការប្រគំតន្ត្រីទោល ២ ដង មកហើយ ហើយបើសិនជាលើកនេះ កើតឡើងម្តងទៀត គឺជាលើកទី ៣។

សំណេរនោះ អ្នកនាង ម៉េង កែវពេជ្ជតា រៀបរាប់ថា៖ «មាន​ Fans ជាច្រើន ទាំងក្នុងប្រទេស ក្រៅប្រទេស​ដែលសំណូមពរហើយ សំណូមពរទៀតឱ្យ ពេជ្ជតា ធ្វើ​ Solo Concert។ សូមអរគុណណាស់ដែលនៅតែជឿជាក់ ពេជ្ជតា​ ។ មិនចម្លែកទេ​សម្រាប់ ពេជ្ជតា​ ព្រោះបើសិនជា ពេជ្ជតា ធ្វើ Solo Concert​ ក្នុងស្រុកលើក​នេះ​ គឺជាលើកទី ​៣ ​ហើយ រាប់តាំងពីឆ្នាំ ១៩៩៧​ មក​។ ហ្វេនៗជាច្រើនធ្លាប់បានឃើញ​ និង ចងចាំ​ ។ ចំណែកក្រៅស្រុក​វិញមិនបាច់រាប់ទេ​ច្រើន​ពេក​​ ហើយក្នុងមួយលើកៗច្រៀងមិនតិចជាង​ ៥០ បទ ឡើយ មានតែលើស​ផង​ មានគ្រប់ចង្វាក់​ គ្រប់​រសជាតិ​ ឱ្យតែភ្លេងចេះលេង​ និង អាស្រ័យដោយពេលវេលាដែលគេឱ្យយើង​ ។ ចាំបន្តិចណា ​Fans​ ណា៎​! ចាំ ពេជ្ជតា រកបទច​ម្រៀងសិន​ មិនដឹងថាត្រូវច្រៀងបទណាទុកបទណីទេ​»។

ក្រោយពីឃើញការរៀបរាប់របស់ អ្នកនាង ម៉េង កែវពេជ្ជតា ហើយ មានអ្នកគាំទ្រ និង អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូលទៅបញ្ចញមតិគាំទ្រ និង អន្ទះសាចង់ឱ្យរាជិនីសំឡេងរូបនេះ រៀបចំការប្រគំតន្ត្រីទោលឱ្យបានលឿនបំផុត៕

អត្ថបទដែលជាប់ទាក់ទង