សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យក្រសួងយុត្តិធម៌ពិនិត្យបន្ថែម លើការកាត់ទោសឱ្យជាប់ពន្ធនាគារ ៥ ឆ្នាំលើជនបង្កគ្រោះថ្នា.-ក់បណ្តាលឱ្យស្ល-ា.//ប់មនុស្ស ៤ នាក់ នៅស្ពានឫស្សីកែវ
នៅព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាឱ្យក្រសួងយុត្តិធម៌ ប្រើអំណាចអធិបញ្ជារបស់ខ្លួនតាមច្បាប់ ដោយផ្តល់គោលការណ៍ទៅព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ប្តឹងទៅឧទ្ធរណ៍ ដើម្បីពិនិត្យលើករណីសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ ៤ នាក់ និង របួសអ្នកដទៃ នៅចំណុចស្ពានឫស្សីកែវ ថាតើសាលក្រមនេះមានទម្ងន់គ្រប់គ្រាន់តាមច្បាប់ជាធរមានហើយឬនៅ។
ការបញ្ជារបស់សម្តេចធិបតី បានធ្វើឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច សរុប ៣ ៥៣០នាក់ (នារី ១ ៨២២នាក់) នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ នេះ។
សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ ម្សិលមិញនេះ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសជនជាប់ចោទឈ្មោះ នាង សំអឿន ភេទប្រុស អាយុ ៥៦ ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ០៥ (ប្រាំ) ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ២០ ០០០ ០០០ (ម្ភៃលាន) រៀល ពីបទបើកបរស្ថិតក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ និង របួសអ្នកដទៃ ដែលប្រព្រឹត្តនៅចំណុច ស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ ៥ និង ស្ពានប្ញស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ជូនថា ករណីនេះ ទោះបីជាដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់ បានទទួលសំណង និង ដកពាក្យបណ្ដឹងរួចហើយក៏ដោយ ក៏ចៅក្រមជំនុំជម្រះបានប្រកាសទោសដាក់ពន្ធនាគារក្នុងកម្រិតអតិបរមានៃទោសដែលច្បាប់បានកំណត់ និង បានប្រកាសទោសបន្ថែមលើជនជាប់ចោទឈោ្មះ នាង សំអួន ដោយហាមឃាត់ចំពោះការបើកបរយានយន្តគ្រប់ប្រភេទរយៈពេល ៥ ឆ្នាំ បន្ទាប់ពីបានអនុវត្តទោសចប់ក្នុងពន្ឋនាគារ៕
ប្រភព ៖ ក្រសួងព័ត៌មាន