ប្រទេសសិង្ហបុរី ទើបដាក់ដំណើរការនាវាមុជទឹកទំនើបថ្មី ចំនួន២គ្រឿង

(សិង្ហបុរី)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រទេសសិង្ហបុរីទើបតែបានដាក់ដំណើរការជាផ្លូវការ នូវនាវាមុជទឹកទំនើបថ្មីចំនួន២គ្រឿង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤។

ពួកវាគឺជានាវាមុជទឹកគ្រឿងទី៥ និងទី៦ របស់បុរីរដ្ឋមួយនេះ។ នាវាមុជទឹក Invincible និង Impeccable ត្រូវបានបញ្ជាទិញ​ពីក្រុមហ៊ុនអាល្លឺម៉ង់ ThyssenKrupp Marine System តាំងតែពីឆ្នាំ២០១៣ ក្នុងកិច្ចព្រមព្រៀងមួយ មានទំហំទឹកប្រាក់១ពាន់លានអឺរ៉ូ។ នាវាមុជទឹកទាំង២គ្រឿងនេះ ជាប្រភេទទំនើបថ្មី ហៅថា Invincible-class ហើយពួកវានឹងចូលរួមជាមួយ នាវាមុជទឹកស៊េរីមុនៗ គឺ Archer-class និង Challenger-class របស់សិង្ហបុរី។

គួរបញ្ជាក់ថា ប្រទេសដែនកោះតូចមួយនេះ នៅមាននាវាមុជទឹកប្រភេទ Invincible-class ២គ្រឿងទៀត ឈ្មោះថា Illustrious និង Inimitable ដែលត្រូវបានសាងសង់រួចរាល់ ប៉ុន្តែមិនទាន់ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ នៅឡើយ។ ប្រទេសជិតខាងសិង្ហបុរី គឺឥណ្ឌូណេស៉ី ក៏បានផ្តោតការវិនិយោគលើនាវាមុជទឹកផងដែរ ដោយបានបញ្ជាទិញនាវាប្រភេទ Scorpene-class ស៊េរីថ្មីចំនួន២គ្រឿង​ពីក្រុមហ៊ុនបារាំង Naval Group ខណៈម៉ាឡេស៉ី ធ្វើប្រតិបត្តិការនាវាមុជទឹកប្រភេទ Scorpene-class ស៊េរីចាស់២គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង