បងប្អូនមហាជនអាចភ្ញាក់ផ្អើលជាថ្មីម្តងទៀតហើយ! ការតស៊ូមិនបោះបង់ ដើម្បីសម្រេចក្តីស្រម៉ៃ បេក្ខនារីប្រឡងបាក់ឌុបម្នាក់ ដែលមានវ័យចំណាស់ជាងគេ បានវិលត្រឡប់មកឆាកប្រឡងជាថ្មី

ភ្នំពេញ៖ បេក្ខនារីមួយរូបដែលមានអាយុចាស់ជាងគេ នោះគឺអ្នកស្រី ហែម ស៊ីណាត។ អ្នកស្រី ហែម ស៊ីណាត ដែលជាបេក្ខនារីនៅខេត្តបន្ទាយមានជ័យ បានបរាជ័យម្តងហើយកាលពីសម័យប្រឡងឆ្នាំ២០២២ តែពេលនេះអ្នកស្រីមិនបានរត់ចោលសមរភូមិ ឬបាក់ទឹកចិត្តនោះទេ គឺគាត់នៅតែបង្ហាញឆន្ទះមុះមុតចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សទុតិយភូមិ ម្តងទៀតសម្រាប់សម័យប្រឡងថ្ងៃទី ០៦ វិច្ឆិកានេះ ដោយមានលេងរៀងទី ៤៨៩ ស្ថិតនៅមណ្ឌលអនុវិទ្យាល័យទឹកថ្លា នាខេត្តបន្ទាយមានជ័យ។

គួររម្លឹកដែរថា ប្រិយមិត្តមហាជនប្រហែលពុំទាន់ភ្លេចអ្នកមីង ហែម ស៊ីណាត នៅឡើយទេ ដោយស្ត្រីរូបនេះកាលពីកន្លងទៅបានមកប្រឡងនៅមណ្ឌល សកលវិទ្យាល័យជាតិមានជ័យ ហើយបានសុំផ្ទះគេស្នាក់នៅ និងបានមកប្រឡងតែម្នាក់ឯងនោះ ព្រោះតែមូលហេតុមួយ គឺចង់បានសញ្ញាបត្រមធម្យមសិក្សាទុតិយភូមិ និងចង់សម្រេចក្តីស្រម៉ៃរបស់ខ្លួនចង់ក្លាយជាគ្រូបង្រៀនបើទោះជាស្ថិតក្នុង ៥៧ឆ្នាំហើយក៏ដោយនោះ។

វិលមកវិញតាមការសន្យា អ្នកស្រី ហែម ស៊ីណាម ធ្លាប់បានប្រកាសបែបនេះថា « ឆ្នាំក្រោយអ្នកមីងនឹងមកប្រឡងម្តងទៀត ហើយអ្នកមីងនឹងពង្រឹងសមត្ថភាពរបស់ខ្លួនអោយល្អប្រសើរឡើងជាមួយនឹងមុខវិជ្ជាដែលអ្នកមីងខ្សោយនោះ ដោយអ្នកមីងមិនអាក់អន់ចិត្តនោះទេ ជាមួយការប្រឡងកាលពីកន្លងទៅ ហើយឆ្នាំក្រោយអ្នកមីងនឹងមកប្រឡងម្តងទៀត ហើយនឹងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមួយសន្លឹកនេះអោយបាន។

អ្នកស្រី ហែម ស៊ីណាត ដែលជាបេក្ខនារីប្រឡងបាក់ឌុបនាសម័យប្រឡង ៦វិច្ឆិកា ២០២៣ បានអោយដឹងថា មូលហេតុដែលអ្នកមីងប្រឡងម្តងហើយម្តងទៀត ដោយចង់បានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងចង់សម្រេចក្តីស្រម៉ៃជាគ្រូបង្រៀនកិច្ចសន្យាផងដែរ។

អ្នកមីង ហែម ស៊ីណាម ដែលមានទីលំនៅបច្ចុប្បន្ន នៅភូមិថ្មរមៀលកើត ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានអោយដឹងថា រយៈពេលកន្លងមកក្រោយពេលដែលធ្លាក់បាក់ឌុបនោះ អ្នកមីងបានខិតខំប្រឹងប្រែងរៀនសូត្រនៅសាលាផ្ទាល់ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ និងតាមអ៊នឡាញ ដើម្បីសម្រាប់ការប្រឡងដែលកៀកខិតជិតមកដល់នេះ។ អ្នកមីង បានបន្តថា មានជំនឿចិត្ត ៥០ ទៅ៦០ភាគរយ ដោយក្នុងនោះ ចំពោះមុខវិជ្ជាដែលអ្នកមីងរំពឹងថានឹងធ្វើបានល្អមានដូចជា អក្សរសាស្ត្រខ្មែរ និងប្រវត្តិសាស្ត្រ ហើយចំពោះមុខវិជ្ជាដែលអ្នកមីងគិតលំបាកនោះគឺ គណិតវិទ្យា និងភាសាបរទេស។ សព្វថ្ងៃនេះ អ្នកមីង ហែម ស៊ីណាត គឺជាគ្រូអក្ខរកម្ម ដោយជារៀងរាល់ថ្ងៃ អ្នកមីងត្រូវបង្រៀនសិស្សដែលមានវ័យល្បាក់ៗនឹងអ្នកមីង ដោយអ្នកមីងបានបង្ហើបថា កូនសិស្សរបស់អ្នកមីងមានវ័យ ៥០ឆ្នាំ ៦០ឆ្នាំ និង៧០ឆ្នាំ ដោយការរៀនអក្សរនេះ ដើម្បីយកទៅសូត្រធម៌ មើលធម៌ ជាពិសេសកូនសិស្សដែលចាស់ជាងអ្នកមីងផងនោះ ចង់ចេះអាន និងចេះសរសេរ ហើយសម្រាប់ការបង្រៀនេះទៀតសោត អ្នកមីងក៏ទទួលបានកម្រៃខ្លះៗផង ដោយក្នុងមួយខែៗ ទទួលបានប្រាក់ ៥០ម៉ឺនរៀលក្នុងមួយខែ៕

អត្ថបទដែលជាប់ទាក់ទង