ក្រោយព្យុះជីវិតបោកបក់មួយរយៈពេលធំ លៀង ចាន់ឡា បានធ្វើការក្នុងរោងចក្រក្នុងនាមជាកម្មការិនី ដើម្បីរកកម្រៃដើម្បីចិញ្ចឹមជីវិត និង ហាក់ស្ងប់ស្ងាត់លើវិថីសិល្បៈ

បើរំឭកកាលពីបុន្មានឆ្នាំមុន មហាជនច្បាស់ជាបានស្គាល់មកហើយ កញ្ញា លៀង ចាន់ឡា ដែលចាប់ផ្តើមមានឈ្មោះបោះសំឡេង ក្រោយពីបានចូលរួមប្រឡងនៅក្នុងកម្មវិធី X Factor Cambodia របស់ទូរទស្សន៍ហង្សមាស។

កាលណោះ លៀង ចានឡា ទទួលបានការអាណិតអាសូរជាខ្លាំងពីសំណាក់មហាជន ពាក់ព័ន្ធលើរូបសម្រស់ ព្រមទាំងជីវភាពរស់នៅរបស់នាង រហូតមានម្ចាស់ហាងកែសម្ផស្សមួយចំនួនបានចេញមុខជួយកែសម្ផស្សឱ្យដោយមិនគិតប្រាក់ រួមនឹងផ្ដល់ជាជំនួយនានាជាច្រើនផងដែរ។ ម្យ៉ាងវិញទៀត ចាប់ពីពេលនោះមកនាងក៏បានចាប់អាជីពជាតារាចម្រៀង និង ច្រៀង ដើម្បីរកកម្រៃទៀតផង។

យ៉ាងណាមិញ កាលពីអំឡុងដើមឆ្នាំ ២០២១ ស្របពេលការរាតត្បាតជំងឺកូវីដ-១៩ កញ្ញា លៀង ចាន់ឡា បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងាខ្លាំង បន្ទាប់ពីទទួលបានដំណឹងនាងធ្លាក់ខ្លួនរហូតអត់បាយ អត់ទឹក គ្មានលុយសូម្បីតែបង់បន្ទប់ជួល ហើយម៉ូតូត្រូវលក់អស់ទៀត ដោយសារត្រូវយកលុយទៅព្យាបាលជំងឺធ្ងន់របស់ម្តាយទៀត។ ជាងនេះទៅទៀត ចំណូលរកបានពីការច្រៀងក៏គ្មាន ក៏ព្រោះកន្លែងធ្វើការត្រូវបានបិទផងនោះ។

ក្រោយព្យុះជីវិតបោកបក់មួយរយៈពេលធំនោះ លៀង ចាន់ឡា បានធ្វើការក្នុងរោងចក្រក្នុងនាមជាកម្មការិនី ដើម្បីរកកម្រៃដើម្បីចិញ្ចឹមជីវិត និង ហាក់ស្ងប់ស្ងាត់លើវិថីសិល្បៈ ក៏ដូចជាបណ្តាញសង្គមនានាទៀតផង។

ដោយឡែក កាលពីអំឡុងឆ្នាំ ២០២៣ តារាស្រីរូបនេះ ក៏បានចេញមុខលើវិថីសិល្បៈជាថ្មី ដោយនាងបានចេញចម្រៀងថ្មី និង បង្ហាញមុខម្តងម្កាលក្នុងកម្មវិធីកម្សាន្តមួយចំនួនផងដែរ។ យ៉ាងណាក៏ដោយ បើទោះបច្ចុប្បន្នជីវភាពហាក់ប្រសើរជាងមុន រីឯការងារសិល្បៈក៏ទទួលបានម្តងម្កាលមែន តែ លៀង ចាន់ឡា ក៏មិនបោះបង់ការងារជាកម្មការិនីដែរ ដោយបច្ចុប្បន្ននាងកំពុងតែប្រើជីវិតយ៉ាងសាមញ្ញ និង រីករាយពីអ្វីដែលខ្លួនកំពុងធ្វើ៕

អត្ថបទដែលជាប់ទាក់ទង