ប្រធានផ្នែកវិទ្យាសាស្ត្ររបស់ក្រុមហ៊ុន OceanGate បានបញ្ជាក់ថា នាវាមុជទឹក Titan តាមពិតមានបញ្ហាតាំងពីមុនមុជចុះសមុទ្រ

កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ ខាងភ្នាក់ងារឆ្មាំសមុទ្ររបស់សហរដ្ឋអាមេរិក បានចេញមកបើកសវនាការស៊ើបអង្កេតលម្អិតលើសោកនាដកម្មផ្ទុះនាវាមុជទឹក Titan កាលពីឆ្នាំមុន ដោយតាមការផ្ដល់ចម្លើយអស់មួយរយៈមកនេះបានបង្ហាញការពិតពីក្រោយដ៏គួរឱ្យភ្ញាក់ផ្អើលជាច្រើន។

ជាក់ស្ដែងកន្លងមកថ្មីៗនេះ ខាងភ្នាក់ងារឆ្មាំសមុទ្របានទម្លាយសំឡេងចុងក្រោយនៃជនរងគ្រោះលើនាវាមុជទឹកមុនជួបហេតុការណ៍ ក៏ដូចជាទម្លាយវីដេអូនៃការរកឃើញបំណែកនាវានៅបាតសមុទ្រ ដែលវីដេអូទាំងនេះមិនធ្លាប់បានទម្លាយឱ្យឃើញពីមុនមកឡើយ។

ដោយឡែកឥលូវនេះ ខាងប្រធានផ្នែកវិទ្យាសាស្ត្រប្រចាំក្រុមហ៊ុន OceanGate លោក Steven Ross បានចេញមកផ្ដល់សក្ខីកម្មទៅកាន់ឆ្មាំសមុទ្រសហរដ្ឋអាមេរិកនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤ នេះថា តាមពិតទៅនាវាមុជទឹក Titan គឺមានបញ្ហាមិនប្រក្រតីតាំងពីប៉ុន្មានថ្ងៃមុននាវានេះចុះបេសកកម្មទៅខ្មោចកប៉ាល់ទីតានិចទៅទៀត។

លោកបានរៀបរាប់ថា បញ្ហាដែលកើតមានគឺលើធុង ballast ដែលគ្រប់គ្រងភាពអណ្ដែតនៃនាវាមុជទឹកនោះ។ ដោយសារតែធុង ballast មានបញ្ហាទើបបណ្ដាលឱ្យតួនាវាផ្អៀង ៤៥ ដឺក្រេ ហើយផ្នែកក្បាលនាវាបានវិលត្រង់ឡើងទៅលើ។ លោកបានឱ្យដឹងទៀតថា ពេលមានបញ្ហានោះ អ្នកបញ្ជានាវាបានធ្លាក់មកផ្នែកបាតខាងក្រោម ខណៈអ្នកដំណើរផ្សេងទៀតដួលទប់លំនឹងមិនជាប់ពេញក្នុងនាវា ហើយចំណែកលោកខ្លួនឯងវិញអាចគ្រប់គ្រងខ្លួនឈរនៅផ្នែកបាតនាវាបាន តែយ៉ាងណាពេលនោះគឺមិនបានបង្កឱ្យនរណាម្នាក់រងរបួសនោះទេ។

លោក Steven បានបន្ថែមថាហេតុការណ៍ដែលកើតឡើងដូចបានរៀបរាប់នេះ គឺកើតឡើងនៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៣ ត្រឹម ៦ ថ្ងៃមុនសោកនាដកម្មកើតមានឡើង។ លោកបានបញ្ជាក់ទៀតថា លោកបានដឹងថានាវាមុជទឹក Titan គឺមិនត្រូវបានត្រួតពិនិត្យដោយឆ្មាំសមុទ្រអាមេរិកទេក្នុងឆ្នាំ ២០២១ ២០២២ និង ២០២៣។

គួរបញ្ជាក់ថា ការបើកសវនាការស៊ើបអង្កេតលម្អិតបន្ថែមរបស់ឆ្មាំសមុទ្រសហរដ្ឋអាមេរិក គឺរំពឹងនឹងធ្វើឡើងរយៈពេល ២ សប្ដាហ៍ ហើយខណៈត្រឹមការបើកស៊ើបប៉ុន្មានថ្ងៃមកនេះ បានបង្ហាញឱ្យឃើញនូវរឿងរ៉ាវដែលមិនធ្លាប់ដឹងពីមុនច្រើនគួរឱ្យកត់សម្គាល់៕

ប្រភព៖ Unilad

អត្ថបទដែលជាប់ទាក់ទង