រដ្ឋបាលរាជធានី នឹងរៀបចំរថយន្តក្រុង ចំនួន ៦៥៣ គ្រឿង សម្រាប់ដឹកជញ្ជូនសាធារណៈជន រយៈពេល ០៥ ថ្ងៃ ចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២៤ «ជិះដោយមិនបង់ប្រាក់»

នៅព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងឱ្យបានដឹងថា រដ្ឋបាលរាជធានី នឹងរៀបចំរថយន្តក្រុង ចំនួន ៦៥៣ គ្រឿង សម្រាប់ដឹកជញ្ជូនសាធារណៈជន រយៈពេល ០៥ ថ្ងៃ ចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២៤ «ជិះដោយមិនបង់ប្រាក់» ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូន កម្មករ-នយោជិត និង ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេស ទៅលេងកម្សាន្តនៅតាមបណ្តាខេត្តភាគឦសាន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ។

ក្នុងនោះ សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ គឺប្រើប្រាស់រថយន្តក្រុងចំនួន ១០០ គ្រឿង សម្រាប់តម្រាយផ្លូវរត់ក្នុងរាជធានីភ្នំពេញ ហើយសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និង ពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ (បណ្តាខេត្តនានា ក្រៅពីតំបន់ភូមិភាគឦសាន) ប្រើប្រាស់រថយន្តក្រុង ចំនួន ៤៩៧ គ្រឿង ដែលមានគោលដៅ និងទីតាំងទៅកាន់ខេត្តមួយចំនួនដូចជា ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តកំពង់ចាម និង ខេត្តត្បូងឃ្មុំ។

ក្រៅពីនោះក៏មានសេវាដឹកជញ្ជូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងកម្សាន្តតំបន់ភូមិភាគឦសាន ដោយប្រើប្រាស់រថយន្តក្រុងចំនួន ៥៦ គ្រឿងផងដែរ ដែលមានគោលដៅ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និង ខេត្តរតនគិរី៕

ចំពោះទីតាំងចេញដំណើរទៅតាមបណ្ដាខេត្តផ្សេងៗ សូមអានសេចក្ដីជូនដំណឹងលម្អិតខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង