ធនាគារជាតិជូនដំណឹង មិនតម្រូវឱ្យគ្រឹះស្ថាន ឬធនាគារ យកកម្រៃសេវាបិទគណនីប្រាក់រៀល ឬសេវាគណនីប្រចាំឆ្នាំឡើយ

នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីណែនាំបន្ថែម ស្ដីពីការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សម្រាប់សេវាទូទាត់សងប្រាក់នៅកម្ពុជា។
ចំពោះសេចក្ដីណែនាំបន្ថែមនេះ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ឱ្យបានដឹងថា ចំពោះកាតព្វកិច្ចបើកគណនីប្រាក់បញ្ញើ និង គណនីទូទាត់សងប្រាក់ជាប្រាក់រៀល ដែលប្រើប្រាស់សម្រាប់ប្រតិបត្តិការទូទាត់សងប្រាក់ជូនអតិថិជន គ្រឹះស្ថានត្រូវអនុវត្តដូចខាងក្រោម៖

១. មិនតម្រូវឱ្យយកកម្រៃសេវាសម្រាប់ការបើក និង បិទគណនីជាប្រាក់រៀលខាងលើ

២. មិនតម្រូវឱ្យយកកម្រៃសេវាគណនីប្រចាំឆ្នាំ សម្រាប់គណនីជាប្រាក់រៀលខាងលើ

៣. ពន្យល់ និង ផ្សព្វផ្សាយអំពីខ្លឹមសារសេចក្តីណែនាំនេះជូនសាធារណជន។
សូមរំឭកផងដែរថា កាលពីថ្ងៃទី​ ១៩ ខែមីនា ឆ្នាំ ២០២៤​ កន្លងទៅ ធនាគារជាតិ បានចេញសេចក្តីណែនាំ ទៅកាន់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និង គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ទាំងអស់ ឱ្យបានដឹងថា ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សម្រាប់សេវាទូទាត់សងប្រាក់នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និង ប្រកបដោយបរិយាបន្ន ធនាគារជាតិនៃកម្ពុជា ណែនាំដល់គ្រឹះស្ថានត្រូវគោរព និង អនុវត្តតាមលក្ខខណ្ឌក្នុងការបើកគណនីជាប្រាក់រៀលជូនអតិថិជន មានដូចខាងក្រោម៖

១. គ្រឹះស្ថានត្រូវមានកាតព្វកិច្ច បើកគណនីប្រាក់បញ្ញើ និង/ឬ គណនីទូទាត់សងប្រាក់ ជាប្រាក់រៀល ដែលប្រើប្រាស់សម្រាប់ប្រតិបត្តិការទូទាត់សងប្រាក់ ជូនគ្រប់អតិថិជនទាំងអស់។ ចំពោះការបើកគណនីជាប្រាក់រៀលសម្រាប់អតិថិជនដែលមានស្រាប់ ត្រូវអនុវត្តឱ្យបានរួចរាល់ ក្នុងរយៈពេល ៦ ខែ ដោយគិតចាប់ពីកាលបរិច្ឆេទដាក់ឱ្យអនុវត្តសេចក្តីណែនាំ។

២. គ្រឹះស្ថានត្រូវផ្តល់ជម្រើសឱ្យគ្រប់អតិថិជនទាំងអស់មានលទ្ធភាពក្នុងការធ្វើប្រតិបត្តិការទូទាត់សងប្រាក់ជាប្រាក់រៀល។

៣. គ្រឹះស្ថានត្រូវធ្វើបច្ចុប្បន្នកម្ម និង ផ្តល់របាយការណ៍ប្រចាំខែអំពីការបំពេញកាតព្វកិច្ចខាងលើមកធនាគារជាតិនៃកម្ពុជា។

ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីលម្អិតខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង