ព្យុះសង្ឃរា ប៊ីបីនកា បំផ្លាញអគារខ្ពស់ និង ទ្រព្យសម្បត្តិក្នុងក្រុងសៀងហៃ ប្រទេសចិន ជាព្យុះដ៏ខ្លាំងក្លាបំផុតមិនធ្លាប់មានក្នុងពេល ៧៥ ឆ្នាំ
កាលពីព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ ព្យុះសង្ឃរា ប៊ីបីនកា (Bebinca) បានបោកបក់ទៅដល់ក្រុងសៀងហៃ ប្រទេសចិនហើយ ជាមួយកម្លាំងខ្យល់ ១៥១ គីឡូម៉ែត្រក្នុងមួយម៉ោង។ ជាមួយកម្លាំងខ្យល់ដ៏ខ្លាំងក្លានេះដែរ ព្យុះប៊ីបីនកាចាត់ទុកជាព្យុះដ៏អាក្រក់មួយដែលវាយប្រហារលើក្រុងសៀងហៃ គិតតាំងពីឆ្នាំ ១៩៤៩ មក។
គ្រាន់តែបោកបក់ដល់ភ្លាម ព្យុះសង្ឃរា ប៊ីបីនកា បានបំផ្លិចបំផ្លាញអគារ ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ក៏ដូចជាប៉ះពាល់ដល់ពលរដ្ឋផងដែរ។ ជាក់ស្ដែងដំបូលអគារជាច្រើនត្រូវបានរបើកប៉ើង ដើមឈើបាក់រលំពេញផ្លូវ រីឯពលរដ្ឋពិបាកមិនអាចដើរទៅណាមកណាបានដោយសារតែខ្យល់បោកបក់ខ្លាំងពេក។
គួរបញ្ជាក់ផងដែរថា អាជ្ញាធរក្នុងតំបន់បានដាក់ចេញការប្រកាសអាសន្នកម្រិតពណ៌ក្រហម ជំរុញឱ្យពលរដ្ឋស្នាក់នៅក្នុងផ្ទះកុំចេញក្រៅ ខណៈកម្លាំងខ្យល់បោកបក់ និង ភ្លៀងធ្លាក់មានសភាពខ្លាំងក្លាពេក។ បន្ថែមពីនេះ ជើងហោះហើររាប់រយជើងក៏ត្រូវបានលុបចោលពីព្រលានចំនួន ២ ក្នុងក្រុងតាំងពីថ្ងៃទី ១៥ ខែកញ្ញាកន្លងទៅ ហើយសេវាកម្មតាមរថភ្លើងមួយចំនួនក៏ត្រូវផ្អាកដូចគ្នាដែរ៕
ប្រភព៖ VN Express, Kenh14