កម្ពុជា មានដើមកៅស៊ូចាស់អាយុ១០០ឆ្នាំច្រើនជាងគេនៅលើពិភពលោក
អាចនិយាយបានថាជាមោទកភាពមួយសម្រាប់កម្ពុជាដែលមានដើមកៅស៊ូចាស់នៅរស់ច្រើនជាងគេឈានចូលដល់អាយុ១០០ឆ្នាំចំនួន ជាង៤០០ដើមលើផ្ទៃដីជាង១០ហិកតា ក្នុងចម្ការកៅស៊ូជប់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្រុមហ៊ុន សុភក្តិនីកា អ៊ិនវេសមេន គ្រុប ខូអិលធីឌី នៃប្រទេសកម្ពុជាបានអះអាងថា ចម្ការកៅស៊ូជាប្រវត្តិសាស្រ្តដែលមានអាយុ ១០០ឆ្នាំនេះគឺជាចម្ការកៅស៊ូចាស់ជាងគេនៅកម្ពុជានិងជាចំនួនដើមកៅស៊ូចាស់នៅរស់ច្រើនជាងគេបំផុតក្នុងពិភពលោករហូតដល់ ៤៤៨ដើម លើផ្ទៃដីប្រមាណ១៤ហិកតា ។
ដោយឈរលើកម្រិតលើសគេនេះ ក្រុមហ៊ុន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំកម្មវិធីប្រឡងចៀរជ័រកៅស៊ូ និងប្រារព្ធខួប១០០ឆ្នាំ ដើមកៅស៊ូចាស់ជាងគេនៅកម្ពុជានាចុងឆ្នាំ២០២៤នេះ។
ផ្តើមចេញពីការជ្រើសរើសគ្រាប់កៅស៊ូចំនួន ២ ៥៦៣គ្រាប់ ចេញពីចម្ការកៅស៊ូចាស់នេះវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា នៃអគ្គនាយកដ្ឋានកៅស៊ូ បានបណ្តុះ និងដាំ ពិសោធន៍ តាមដានការលូតលាស់ ទិន្នផល ជំងឺ និងលក្ខណៈសរីរៈទឹកជ័រ ចាប់តាំងពីឆ្នាំ២០១១ រហូតរកឃើញសេណូទីប (ពូជ) កៅស៊ូចំនួនពីរ គឺ G12 និង G19 ដែលមានលក្ខខណ្ឌដុះ និងលូតលាស់ស្របតាមក្សេត្របរិស្ថានកម្ពុជា។
បច្ចុប្បន្ន ក្រសួងកសិកម្មបានដាក់ស្នើសុំទៅគណៈកម្មការបញ្ចេញពូជដំណាំ ដើម្បីបញ្ចេញឱ្យប្រើប្រាស់ជាផ្លូវការ ដោយដាក់ឈ្មោះថា « CRRI 12 និង CRRI 19 »។
គប្បីរំលឹកជូនថា ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១២ ខែកញ្ញា កន្លងទៅបានជួបពិភាក្សាជាមួយក្រុមហ៊ុន សុភក្តិនីកា អំពីការងាររៀបចំកម្មវិធីប្រឡងចៀរជ័រ និងពិធីប្រារព្ធខួប១០០ឆ្នាំ ដើមកៅស៊ូចាស់ជាងគេនៅកម្ពុជា ដែលមានទីតាំងស្ថិតនៅចម្ការកៅស៊ូជប់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ជំនួបនេះធ្វើ ឡើងដើម្បីត្រួតពិនិត្យឡើងវិញលើការងារដែលបានអនុវត្តកន្លងមក និងដាក់ទិសដៅការងារអនុវត្តបន្តសម្រាប់ប្រារព្ធកម្មវិធីទាំង ២ នោះ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។
កម្ពុជាមានផ្ទៃដីដាំកៅស៊ូជាង៤សែនហិកតា លាតសន្ធឹងលើខេត្តចំនួន១១ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យនិងកំពត។ ចំពោះផ្ទៃដីដាំដុះវិញមានចំនួន ៤០៧ ១៧២ ហិកតា ហើយក្នុងនោះ ៣២០ ១៨៨(ស្មើនឹង ៧៨,៦%) ជាដើមកៅស៊ូចាស់សម្រាប់ការចៀរយកជ័រ និងទទួលផលបាន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។
ផ្អែកលើទិន្នន័យអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ ២០២៣ ប្រាក់ចំណូលដែលកម្ពុជាទទួលបានពីផលិតផលកៅស៊ូមានសរុប ៥៣៦ លានដុល្លារ ក្នុងនោះចំណូលពីការនាំជ័រកៅស៊ូ ទៅទីផ្សារអន្តរជាតិ ៤៩០,៦ លានដុល្លារ,ចំណូលពីការនាំចេញឈើកៅស៊ូ ១,៦ លានដុល្លារ,និងការប្រើប្រាស់ជ័រកៅស៊ូក្នុងស្រុក ៤៣,៨ លានដុល្លារ។
សម្រាប់បរិមាណជ័រកៅស៊ូដែលបាននាំចេញក្នុងឆ្នាំ ២០២៣ គឺសម្រេចបានចំនួន ៣៦៨ ០៤៨ តោន ថយចុះ ៤ ៨៥៥ តោនធៀបឆ្នាំ ២០២២និងឈើកៅស៊ូមានចំនួន (ឈើចាស់ៗអស់ប្រសិទ្ធភាពសេដ្ឋកិច្ច)៩ ៤១១ ម៉ែត្រគុប ថយ ១៧ ០៧៨ ម៉ែត្រគុប។ ចំណែកផលិតផលកៅស៊ូប្រើប្រាស់ក្នុងស្រុកមានចំនួន ៣០ ៤៥២ តោន៕
ប្រភព៖ ក្រសួងព័ត៌មាន