ទឹកជំនន់នៅឈៀងរ៉ៃ ចាប់ផ្តើមស្រកអស់ហើយ បន្សល់ភក់ល្បាប់ខូចទ្រព្យសម្បត្តិខ្ទេចខ្ចី កន្លែងខ្លះជីកទៅមានស-ពមនុស្សកប់នៅក្រោមទៀត

ថ្មីៗនេះ នៅតំបន់ស្រុកមេសាយ ខេត្តឈៀងរ៉ៃ ប្រទេសថៃ បានប្រទះហេតុការណ៍គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ ដែលបណ្តាលឱ្យប្រជាជនត្រូវបង្ខំចិត្តចាកចោលផ្ទះសម្បែង ដាច់ស្បៀងអាហារ រីឯអ្នក​ខ្លះទៀតក៏បានបាត់បង់ជីវិត និងបាត់ខ្លួនទៅក្នុងទឹកជំនន់ទៀត។

យ៉ាងណាមិញ ក្រោយពីប្រទះអាសន្នប្រហែលមួយសប្តាហ៍ ពេលនេះទឹកជំនន់ស្រុកមេសាយ​ ខេត្តឈៀងរ៉ៃ ក៏បានស្រកទៅវិញអស់ហើយ ប៉ុន្តែក៏នៅតែមិនទាន់ឱ្យប្រជាជនបានអស់កង្វល់នៅឡើយ ព្រោះតែទឹកជំនន់នេះបានបន្សល់ភក់ល្បាប់ខ្ពស់ៗពាសពេញទីកន្លែង ជាពិសេសគឺផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ប្រជាជនម្នាក់ៗបានរងការខូចខាតច្រើនណាស់ ដោយសារតែទឹកជំនន់ផង ដោយសារតែកំណកដី និង ភក់ផង។

ក្នុងនោះដែរ ខាងអាជ្ញាធរប្រចាំតំបន់ក៏បាននៅតែបន្តការជួយសង្រ្គោះ ដោយបានបញ្ជូនជាកម្លាំង និង គ្រឿងយន្តផ្សេងៗដើម្បីទៅជីកកាយកំណកដី និងភក់ចេញ ហើយអ្វីដែលគួរឱ្យរំជួលចិត្តអាណិតនោះ គឺមានកន្លែងខ្លះក៏បានជីកទៅប៉ះសាកសពរបស់មនុស្ស និងសពសត្វជាច្រើន ដែលស្លាប់កប់នៅក្រោមនោះទៀត។ ដោយឡែក អាជ្ញាធរប្រចាំតំបន់ក៏បានរកវិធីដោះស្រាយផ្សេងៗជូនប្រជាពលទៅតាមលទ្ធភាព ដោយសង្ឃឹមថាអ្វីៗនឹងត្រឡប់មកដូចដើមវិញឆាប់ៗនេះ៕

ប្រភព៖ Khaosod

អត្ថបទដែលជាប់ទាក់ទង