ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ដឹកនាំនិងមន្ត្រីរាជការក្រសួងធ្វើទស្សនកិច្ច តាមបណ្តាខេត្តនាទិសឦសាន ​ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (DTA)

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី​១៥-១៦ ខែកញ្ញា ឆ្នាំ២០២៤បានរៀបចំឱ្យថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួង ដែល​មាន​ចំនួនប្រមាណ ១២០នាក់ ជាជំហានដំបូង ដើម្បីធ្វើទស្សនកិច្ចផ្សារភ្ជាប់ទឹកដី និង​អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តាខេត្តនាទិសឦសាន​ក្នុងតំបន់​ត្រីកោណអភិវឌ្ឍន៍ (DTA) លើតម្រាយផ្លូវតាមបណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី ហើយដំណើរទស្សនកិច្ចនេះ ក៏នឹងមានជាបន្តបន្ទាប់ទៀត សម្រាប់​អង្គភាព​ក្រោមឱវាទរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការធ្វើបទបង្ហាញអំពីកិច្ចការបោះបង្គោលខណ្ឌសីមា​ព្រំដែន​គោករវាងប្រទេសកម្ពុជា និងប្រទេសជិតខាង ពីសំណាក់ ឯកឧត្តម ឃុំ ប៉ុណ្ណាប័ន្ន អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសកិច្ចការព្រំដែន និងមន្ត្រីជំនាញ ដើម្បីផ្តល់​ព័ត៌មាន​ត្រឹមត្រូវច្បាស់លាស់ពីការងារខណ្ឌសីមាព្រំដែនគោករបស់កម្ពុជា និងប្រទេស​ជិតខាង។

ដំណើរទស្សនកិច្ចមួយនេះ បានធ្វើឱ្យថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួង​បានស្គាល់ពីទឹក​ដី និងខណ្ឌសីមាព្រំដែនគោករបស់ខ្លួនយ៉ាងច្បាស់លាស់ និងបានយល់ពីសារៈសំខាន់​នៃការកសាងផ្លូវក្រវាត់ព្រំដែន ក៏ដូចជាការ​អភិវឌ្ឍជាក់ស្តែងនៅតាមបណ្តាខេត្តនៅ​ភូមិភាគឦសាន។ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ ដែលបានចូលរួមបង្ហាញក្តីសប្បាយរីករាយ និងការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យ​ភាពជាតិកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង