ជំងឺខ្សោយពោះវៀនអាចមានអាការៈទាំងនេះ គួរកុំមើលរំលង
ជំងឺខ្សោយពោះវៀន ជាជំងឺមួយដែលគេជួបប្រទះញឹកញាប់។ អ្នកជំងឺអាចមានចង្កោមអាការៈ ឬរោគសញ្ញាមួយចំនួនដូចជាឈឺពោះរ៉ាំរ៉ៃ ចុកឆ្អល់ ឬតឹងណែនក្នុងពោះជាដើម។ ប្រសិនបើអ្នកកំពុងមានរោគសញ្ញា ឬ អាការៈប្រហាក់ប្រហែលនេះ អត្ថបទនេះនឹងជួយឲ្យអ្នកអាចស្វែងយល់កាន់តែច្បាស់អំពីជំងឺខ្សោយពោះវៀន។
តើជំងឺខ្សោយពោះវៀនជាអ្វី?
តើជំងឺខ្សោយពោះវៀន គឺជាបណ្តុំរោគសញ្ញាទាំងឡាយណាដែលបញ្ជាក់ថាអ្នកជំងឺមានបញ្ហានៅក្នុងពោះវៀន។ ជំងឺនេះត្រូវបានគេឲ្យឈ្មោះផ្សេងៗគ្នា ទៅតាមការនិយមរបស់គ្រូពេទ្យ ដើម្បីងាយស្រួលក្នុងការពន្យល់អ្នកជំងឺ ដូចជា៖
- ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ
- ជំងឺខ្យល់ក្នុងពោះវៀន
- និង ហើមពោះវៀនជាដើម
តើរោគសញ្ញានៃជំងឺខ្សោយពោះវៀនមានអ្វីខ្លះ? រោគសញ្ញានៃជំងឺខ្សោយពោះវៀន រួមមាន៖
- ការឈឺពោះរ៉ាំរ៉ៃ
- ចុកឆ្អល់ក្នុងពោះ
- តឹងណែនក្នុងពោះ
- ញ៉ាំឆាប់ឆ្អែត
រោគសញ្ញាមួយចំនួនទៀតអាចធ្វើឲ្យគេអាចបែងចែកជំងឺនេះបានជា ៤ ក្រុមគឺ ៖
- រាគរ៉ាំរ៉ៃ (ក្រុមទី១)
- ទល់លាមករ៉ាំរ៉ៃ (ក្រុមទី២)
- រាក និងទល់លាមកឆ្លាស់គ្នា (ក្រុមទី៣)
- មិនមានរោគសញ្ញារាក ឬ ទល់ទេ (ក្រុមទី៤)
តើជំងឺខ្សោយពោះវៀននេះមាន លក្ខណៈធ្ងន់ធ្ងរដែរឬទេ?
ជាទូទៅជំងឺខ្សោយពោះវៀន វាមិនមានបង្កជាផលវិបាកធ្ងន់ធ្ងរទេ តែវាមានភាពរំខានខ្លាំងក្នុងជីវភាពរស់នៅរបស់អ្នកជំងឺ។ ជាទូទៅការធ្វើរោគវិនិច្ឆ័យនៃជំងឺខ្សោយពោះវៀន គឺពឹងផ្អែកទៅលើរោគសញ្ញារបស់អ្នកជំងឺ។ យ៉ាងណាមិញ មានជំងឺមួយចំនួនអាចស្តែងចេញរោគសញ្ញាដូចជំងឺខ្សោយពោះវៀនដែរដូចជា ជំងឺរលាកពោះវៀន ដោយសារមេរោគដំបៅពោះវៀន និងជំងឺមហារីកពោះវៀនជាដើម។ ដូចនេះ ដើម្បីធ្វើរោគវិនិច្ឆ័យនៃជំងឺខ្សោយពោះវៀនឲ្យបានសុក្រិត អ្នកជំងឺគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកថ្លើម-ក្រពះ-ពោះវៀន។
តើមានវិធីអ្វីអាចបង្ការជំងឺនេះបានដែរឬទេ?
ជំងឺនេះមិនទាន់មានវិធីបង្ការណាមួយជាក់លាក់ទេ ព្រោះមូលហេតុពិតប្រាកដនៃជំងឺខ្សោយពោះវៀន មិនទាន់បានត្រូវគេរកឃើញនៅឡើយ ប៉ុន្តែគេសង្កេតឃើញថា សុខភាពផ្លូវចិត្តមានការប៉ះពាល់យ៉ាងខ្លាំងទៅលើជំងឺនេះ។ អ្នកដែលមានសម្ពាធការងារ ឬសម្ពាធគ្រួសារច្រើន ភាគច្រើនមានបញ្ហានេះជាញឹកញាប់។ អ្នកដែលមានសុខភាពផ្លូវចិត្តល្អ ភាគច្រើនមិនមានបញ្ហានេះទេ។
តើអ្នកជំងឺខ្សោយពោះវៀន គួរតមអ្វីខ្លះ?
ជាទូទៅចំណីអាហារមិនមែនជាកត្តាបង្កជំងឺខ្សោយពោះវៀននោះទេ ប៉ុន្តែចំណីអាហារមួយចំនួនអាចធ្វើឲ្យមានលេចចេញរោគសញ្ញាខ្សោយពោះវៀនកាន់តែច្បាស់ និងខ្លាំងក្លា។ អ្នកជំងឺម្នាក់ៗអាចឆ្លើយតបទៅនឹងចំណីអាហារខុសៗគ្នាដូចជា៖
- អ្នកខ្លះញ៉ាំម្ជូរមិនបាន
- អ្នកខ្លះញ៉ាំស៊ុតមិនបាន
- អ្នកខ្លះទៀតញ៉ាំបន្លែមិនបាន ដូចនេះការតមអាហារគឺធ្វើទៅតាមករណីរបស់អ្នកជំងឺនីមួយៗ។ ដោយជំងឺខ្សោយពោះវៀនជាជំងឺមួយដែលគេតែងជួបប្រទះញឹកញាប់ តែរោគសញ្ញានៃជំងឺនេះមានការភាន់ច្រឡំទៅនឹងជំងឺមួយចំនួនដែលអាចមានលក្ខណៈធ្ងន់ធ្ងរ អ្នកជំងឺដែលមានរោគសញ្ញានៃជំងឺខ្សោយពោះវៀន គួរតែជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស ផ្នែកថ្លើម-ក្រពះ-ពោះវៀន ដើម្បីធ្វើរោគវិនិច្ឆ័យអោយបានច្បាស់លាស់និងទទួលនូវសេវាព្យាបាលបានត្រឹមត្រូវ។