អត្តសញ្ញាណប័ណ្ណខូច-បាត់ ផុតសុពលភាព ឬ ត្រូវកែទិន្នន័យ ពលរដ្ឋ ២៥ ខេត្ត-ក្រុង អាចធ្វើបានត្រឹមផ្សារអ៊ីអន ២
នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចែករំលែកចំណេះដឹងជូនទៅកាន់សាធារណជន អំពីសេវាផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ផ្សារអ៊ីអន ២ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ឯកឧត្តម អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ឱ្យបានដឹងថា ស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផ្សារអ៊ីអន ២ បើកទទួលផ្តល់សេវារៀងរាល់ថ្ងៃពុធ ដល់ថ្ងៃអាទិត្យ លើកលែងថ្ងៃចន្ទ-អង្គារ និងថ្ងៃឈប់សម្រាកបុណ្យជាតិ សម្រាប់ប្រជាពលរដ្ឋទូទៅ ទាំង ២៥ រាជធានី-ខេត្ត ដែលមកទទួលសេវា រួមមាន ៖
– ករណីគ្រប់អាយុ ១៥ ឆ្នាំ ថតធ្វើថ្មី
– ករណីថតធ្វើថ្មីពេលផុតសុពលភាព និង សុពលភាពនៅសល់តិចជាង ឬត្រឹម ៩០ ថ្ងៃ
– ករណីរបក ខូច
– ទទួលពាក្យបណ្តឹងបាត់ និង ពាក្យស្នើសុំទុតិយតា ដែលបានចេញដោយនគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីបោះពុម្ពថ្មី
– និង ករណីកែតម្រូវទិន្នន័យផ្សេងៗ។
ឯកឧត្តមបានបន្តឱ្យដឹងផងដែរថា រយៈពេលនៃការទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្រោយពេលដាក់ពាក្យ បំពេញបែបបទ និង ឯកសារត្រឹមត្រូវគ្រប់គ្រាន់គឺ ៣០ ថ្ងៃ នៃថ្ងៃធ្វើការ សាម៉ីខ្លួនអាចអញ្ជើញទៅទទួលយកបាន ដោយពុំចាំបាច់សមត្ថកិច្ចទាក់ទងឱ្យទៅយកទេ។ សូមលោកអ្នក Download កម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ ដែលមន្ត្រីជំនាញរង់ចាំទទួល-ផ្តល់ព័ត៌មាន និង ដោះស្រាយជូន៕