ប្រទេសមីយ៉ាន់ម៉ា រងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ ស្លា.//ប់មនុស្ស ៣៣ នាក់ ខណៈរាប់ម៉ឺននាក់ត្រូវជម្លៀសខ្លួន

ប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះបានរងការវាយប្រហារដោយគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរបណ្ដាលមកពីព្យុះសង្ឃរា យាកជី ហើយបើតាមការបញ្ជាក់ពីខាងមន្ត្រីប្រចាំប្រទេសបានឱ្យដឹងថា គ្រោះធម្មជាតិដ៏អាក្រក់នេះបានសម្លាប់ជីវិតពលរដ្ឋខ្លួនអស់ ៣៣ នាក់ហើយ ខណៈមនុស្សប្រមាណជាង ២៣៥០០០ នាក់ត្រូវបានផ្លាស់ទីទៅកាន់កន្លែងមានសុវត្ថិភាព។

លោក Zaw Min Tun អ្នកនាំពាក្យឱ្យរដ្ឋាភិបាលយោធាបានថ្លែងបញ្ជាក់កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅថា៖ «មនុស្សចំនួន ២៣៦៦៤៩ នាក់មកពី ៥៩៤១៣ គ្រួសារត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេដោយសារតែទឹកជំនន់។ មនុស្សចំនួន ៣៣ នាក់បានស្លាប់ និង ម្នាក់បានរងរបួស»។ លោកបានបន្ថែមឱ្យដឹងទៀតថា នៅតាមតំបន់ខ្លះគឺខាងអាជ្ញាធរមិនអាចទាក់ទងដឹងដំណឹងអ្វីនោះឡើយ។

លោក Zaw បានជំរុញឱ្យពលរដ្ឋដែលរស់នៅជិតទន្លេឱ្យរកទីជម្រកនៅកន្លែងសុវត្ថិភាពជាបណ្ដោះអាសន្ន និង រក្សាការប្រុងប្រយ័ត្នជានិច្ចរហូតដល់ថ្ងៃទី ១៥ ខែកញ្ញាខាងមុខនេះ។ ជាមួយគ្នានោះដែរ ខាងអាជ្ញាធរក៏កំពុងតែបន្តដាក់ការស៊ើបអង្កេតយ៉ាងស្វិតស្វាញក្រោយទទួលបានរបាយការណ៍ថាមានជនអន្តោប្រវេសន៍មួយចំនួនដែលធ្វើការនៅកន្លែងជីកយករ៉ែមាសនាក្រុង Mandalay កំពុងតែបាត់ខ្លួនដោយសារគ្រោះរអិលបាក់ដី។

គួរឱ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា រួមជាមួយប្រទេសមួយចំនួនទៀតនៅអាស៊ីអាគ្នេយ៍កំពុងតែប្រឈមនឹងគ្រោះទឹកជំនន់ និង គ្រោះរអិលបាក់ដីដ៏អាក្រក់ ក្រោយព្យុះសង្ឃរា យាកជី បោកបក់មកដល់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ៕

ប្រភព៖ VN Express

អត្ថបទដែលជាប់ទាក់ទង