អ្នកនាង វ៉ាង ស្រីណូ កាន់តែបង្ហាញក្ដីរំភើបខ្លាំង ខណៈជិតបានឃើញមុខកូនស្រីដំបូង
ពិតណាស់ មួយរយៈកន្លងទៅ លើបណ្ដាញសង្គមមហាជនអ្នកគាំទ្រតាមដានរបស់តារាស្រី វ៉ាង ស្រីណូ បានមានការភ្ញាក់ផ្អើល និង អបអរជាខ្លាំង ក្រោយពីបានឃើញនាងបង្ហោះរូបភាពបង្ហាញជាសាធារណៈឱ្យដឹងថា នាងកំពុងពពោះកូនក្នុងផ្ទៃជាង ៨ ខែមកហើយ។
ក្រៅពីបើកបង្ហាញថាកំពុងពពោះកូនក្នុងផ្ទៃជាសាធារណៈ អ្នកនាង វ៉ាង ស្រីណូ ក៏បានបញ្ជាក់ច្បាស់ៗថានាងជា Single Mom ពោលគឺអ្នកនាងបានយកកូនបែបវិទ្យាសាស្រ្តដោយចាក់មេជីវិត គឺមិនមានស្វាមីឡើយ ដែលកូនក្នុងផ្ទៃមានអាយុ ៨ ខែនេះជាកូនស្រី។
ដោយឡែក មកដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤ នេះ អ្នកនាង វ៉ាង ស្រីណូ កាន់តែបង្ហាញក្ដីរំភើបខ្លាំង ខណៈជិតបានឃើញមុខកូនស្រីដំបូងរបស់នាងហើយ ពោលគឺ ពេលនេះកូនក្នុងផ្ទៃរបស់អ្នកនាងបានគ្រប់ខែ និង កំពុងត្រៀមសម្រាលហើយ ដោយការវះកាត់។
នេះបើតាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់អ្នកនាង វ៉ាង ស្រីណូ បានបង្ហោះរូបភាពនៅក្នុងមន្ទីរពេទ្យ ដែលកំពុងរៀបចំកន្លែងទទួលស្វាគមន៍កូនស្រីដំបូងយ៉ាងរំភើបភ្ជាប់ជាមួយសាររៀបរាប់ថា ៖ «ក្តីសុខណាស់ ជិតបានជួបកូនហើយ សុំពរម្នាក់មួយម៉ាត់មក បងប្អូន»៕