បងប្អូនស្រីៗគ្មានការងារប្រាក់ខែដូចគេ ជាស្វ័យនិយោជន៍ ឱ្យតែមាន ប.ស.ស អាចទទួលបានអត្ថប្រយោជន៍ទាំងនេះពេលមានផ្ទៃពោះ

នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅនេះ បេឡាជាតិសន្តិសុខសង្គម បានចែករំលែកពីអត្ថប្រយោជន៍ធំៗចំនួន ៣ ដែលសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ជាស្ត្រីនឹងទទួលបានពេលមានផ្ទៃពោះ។

ជាក់ស្ដែង អត្ថប្រយោជន៏ទាំងនោះមានដូចជា៖

– ទទួលបានសេវាពិនិត្យផ្ទៃពោះមុន និង ក្រោយសម្រាលដោយឥតគិតថ្លៃ

– ទទួលបានសេវាថ្លៃសម្រាលកូនដោយឥតគិតថ្លៃ

– ទទួលបានប្រាក់បំណាច់មាតុភាពចំនួន ១ ២៦០ ០០០ រៀលពី ប.ស.ស.

រាល់ការផ្តល់ជូនខាងលើ គឺត្រូវធ្វើឡើងតែក្នុងមន្ទីរពេទ្យដៃគូ ប.ស.ស. តែប៉ុណ្ណោះ។ ការទទួលសេវានៅមន្ទីរពេទ្យមិនមែនដៃគូ ប.ស.ស. រាល់ការចំណាយគឺជាបន្ទុករបស់សាមីខ្លួន ប.ស.ស. មិនទូទាត់ជូនឡើយ។

គួរឱ្យដឹងផងដែរថា អត្ថប្រយោជន៍ទាំង ៣ ខាងលើគឺសម្រាប់សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ជាស្ត្រី ខណៈបុគ្គលស្វ័យនិយោជន៍ គឺសំដៅដល់អ្នកដែលប្រកបមុខរបរ រកប្រាក់ចំណូលដោយខ្លួនឯង មិនមានប្រើប្រាស់កម្មករនិយោជិតនៅក្នុងសកម្មភាពការងារ ឬ មុខរបរផ្ទាល់ខ្លួន និង ដោយមិនពាក់ព័ន្ធប្រាក់ឈ្នួល ឬ ប្រាក់បៀវត្សដែលផ្ដល់ដោយស្ថាប័នរដ្ឋ ឬ ដោយនិយោជកតាមកិច្ចសន្យាការងារ។

ចំពោះការចុះបញ្ជីសម្រាប់បុគ្គលស្វ័យនិយោជន៍ សាមីខ្លួនត្រូវទៅកាន់ទីស្នាក់ការ ប.ស.ស. ដែលនៅជិតដើម្បីធ្វើដោយផ្ទាល់ និង អនុវត្តន៍តាមនីតិវិធីដូចខាងក្រោម៖

– មានមុខរបរ មានប្រាក់ចំណូលផ្ទាល់ខ្លួន មិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល ធ្វើការម្នាក់ឯងមិនមានប្រើប្រាស់បុគ្គលិក

– មានអាយុមិនលើសពី ៦០ ឆ្នាំ គិតត្រឹមកាលបរិច្ឆេទចុះបញ្ជី

– មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព)

– ការបង់ភាគទានប្រចាំខែ ១៥ ៦០០ រៀល/ម្នាក់ សាមីខ្លួនអាចប្រកាសបង់ជាប្រចាំខែ ឬ ប្រចាំឆ្នាំក៏បានតាមការស្នើសុំពេលចុះបញ្ជីដំបូង។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខ ១២៨៦៕

អត្ថបទដែលជាប់ទាក់ទង