ក្រសួងពាណិជ្ជកម្ម និង ក្រសួងកសិកម្ម ប្រកាសហាមឃាត់ការនាំចូលគ្រឿងក្នុង និង បំណែកសាច់បង្កក ៦ ខែបន្តទៀត
នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ក្រសួងពាណិជ្ជកម្ម និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានចេញសេចក្ដីជូនដំណឹងអំពីការកែសម្រួលវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និង បំណែកសាច់បង្កក។
តាមរយៈសេចក្តីជូនដំណឹងបានឱ្យដឹងថា ក្រោយការអនុវត្តវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និង បំណែកសាច់បង្កក ចុះថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ ក្រសួងបានពិនិត្យឃើញថា ផលិតកម្មសត្វចិញ្ចឹមនៅកម្ពុជា ត្រូវបានសង្គ្រោះពីផលប៉ះពាល់ដែលបណ្តាលមកពីការនាំចូលគ្រឿងក្នុង និង បំណែកសាច់បង្កក ដែលមិនប្រើប្រាស់ជាចំណីអាហារនៅប្រទេសនាំចេញ។
ដោយឡែក ការនាំចូលថ្លើមនៃសត្វជ្រូកបង្កក និង ភាគបំណែកសាច់ និង គ្រឿងក្នុង (Offal) ផ្សេងទៀត ក្រៅពីថ្លើមនៃសត្វជ្រូកដែលអាចបរិភោគបាន នៅតែបណ្តាលឱ្យផលិតកម្មជ្រូកនៅកម្ពុជាបន្តរងការគំរាមកំហែង និង អាចឈានទៅដល់ការខូចខាតទាំងស្រុង។
ដូចនេះ ក្រសួងពាណិជ្ជកម្ម និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បញ្ជាក់ឱ្យបានដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តអនុវត្តវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្នរយៈពេល ០៦ ខែបន្ថែមទៀត ដែលមានសុពលភាព ចាប់ពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥ លើមុខទំនិញដែលមានលេខប្រព័ន្ធសុខដុមនីយកម្ម និង នាមវលីគយ ដូចខាងក្រោម៖
– ថ្លើមនៃសត្វជ្រូកបង្កក (០២០៦.៤១.០០)
– ភាគបំណែកសាច់ និង គ្រឿងក្នុង (Offal) ផ្សេងទៀត ក្រៅពីថ្លើមនៃសត្វជ្រូកដែលអាចបរិភោគបាន បង្កក (០២០៦.៤៩.០០)
តាមការជូនដំណឹងបានឱ្យដឹងទៀតថា វិធានការបន្តហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននេះ មិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ) ដែលនាំចូលទំនិញខាងលើ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្ម សម្រាប់ការនាំចេញឡើយ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖