ឥទ្ធិពលព្យុះសង្ឃរា យាកជី ធ្វើឱ្យភាគខាងជើងប្រទេសឡាវ លិចលង់ដោយគ្រោះទឹកជំនន់ និង បាក់ដីបង្កការខូចខាតធ្ងន់ធ្ងរ

កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ ខេត្ត Luang Namtha នៅភាគខាងជើងប្រទេសឡាវបានរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរដែលបណ្ដាលមកពីព្យុះសង្ឃរា យាកជី។ ព្យុះកំណាចដែលបង្កជាភ្លៀងធ្លាក់ខ្លាំងនេះដែរបានបណ្ដាលឱ្យតំបន់ជាច្រើននៅក្នុងខេត្តរងការខូចខាតយ៉ាងដំណំ។

ជាការឆ្លើយតបនឹងគ្រោះធម្មជាតិនេះ ខាងកងកម្លាំងទាហានក្នុងប្រទេសឡាវបានដាក់បញ្ជាចេញយន្តហោះចំនួន ៤ គ្រឿង និង ទូក ១៤ គ្រឿងដើម្បីចុះទៅជួយក្រុមគ្រួសារដែលកំពុងរងគ្រោះដោយទឹកជំនន់ ហើយក៏ជួយជម្លៀសពលរដ្ឋដែលរងរបួសទៅមន្ទីរពេទ្យផងដែរ។

បើទោះជាការខិតខំរបស់មន្ត្រីក្នុងស្រុកសកម្មយ៉ាងណាក្ដី ប៉ុន្តែគ្រោះធម្មជាតិដែលវាយប្រហារលើកនេះគឺអាក្រក់ខ្លាំង។ ជាក់ស្ដែង ព្រលានយន្តហោះនៅ Luang Namtha ត្រូវបានបិទផ្អាកដំណើរការជាបណ្ដោះអាសន្នដោយសារតែទឹកបន្តកើនឡើង។ ផ្ទះសម្បែងពលរដ្ឋជាច្រើនរងការខូចខាតធ្ងន់ធ្ងរ ខណៈខ្លះត្រូវបំផ្លាញខ្ទេចតែម្ដង បង្ខំឱ្យពលរដ្ឋរាប់ពាន់នាក់ឡើងទៅស្នាក់លើដំបូលរង់ចាំការសង្គ្រោះព្រោះតែទឹកឡើងខ្លាំងពេក។

ខណៈនេះដែរ ខេត្ត Luang Prabang ឯណោះវិញ ក៏កំពុងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរដូចគ្នាដោយសារតែទឹកកើនឡើងខ្លាំង។ ខាងឧតុនិយមបានបង្ហាញថាកម្រិតទឹកអាចហក់ឡើងដល់កម្រិតគ្រោះថ្នាក់នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខនេះ។

គួររំឭកថា ព្យុះសង្ឃរា យាកជី ជាព្យុះកំណាចដ៏អាក្រក់បំផុតមួយដែលបានវាយប្រហារបណ្ដាប្រទេសមួយចំនួននៅអាស៊ី ដូចជាប្រទេសហ្វីលីពីន ភាគខាងត្បូងប្រទេសចិន ភាគខាងជើងប្រទេសវៀតណាម ប្រទេសថៃ និង ប្រទេសឡាវ នេះផងដែរ។ ចំណែកប្រទេសកម្ពុជាក៏ទទួលរងសម្ពាធនៃព្យុះកំណាចនេះដែរ គ្រាន់តែមិនបង្កជាការខូចខាតធ្ងន់ធ្ងរដូចបណ្ដាប្រទេសខាងលើ៕

អត្ថបទដែលជាប់ទាក់ទង