ចង់យកយានយន្តទៅឆៀក នេះជាតម្លៃ និង ឯកសារ ៤ មុខ ដែលត្រូវដាក់ទៅតាមខ្លួន
នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៤ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានចែករំលែកចំណេះដឹងអំពីនីតិវិធីស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ដែលរួមមានឯកសារតម្រូវ ក៏ដូចជាតម្លៃសេវាជាដើម។
ជាក់ស្ដែង ក្រសួងសាធារណការ និង ដឹកជញ្ជូន បានបញ្ជាក់ឱ្យបានដឹងថា តម្លៃសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ទូទៅ មានដូចជា ៖
– ទោចក្រយានយន្ត (សណ្តោងរ៉ឺម៉ក) ឬ ត្រីចក្រយានយន្ត តម្លៃ ៧០០០ រៀល
– សម្រាប់រថយន្តតាមប្រភេទ តម្លៃចាប់ពី ៣៦ ០០០ រៀល រហូតដល់ ៦៦ ០០០ រៀល
– សម្រាប់រ៉ឺម៉ក ឬ សឺមីរ៉ឺម៉ករថយន្ត ៣៦ ០០០ រៀល
ចំពោះឯកសារស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) មានដូចជា ៖
១. សម្រាប់យានយន្ត ដែលមិនទាន់ចុះបញ្ជីសុំផ្លាកលេខ ៖
– អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬ លិខិតឆ្លងដែន ឬ សៀវភៅគ្រួសារ ឬ បណ្ណប៉ាតង់
– បង្កាន់ដៃពន្ធនាំចូល (អាចថតចម្លង)
– បង្កាន់ដៃបង់ប្រាក់
– ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក)។
២. សម្រាប់យានយន្តធ្លាប់ចុះបញ្ជីរួច
– បណ្ណសម្គាល់យានយន្ត (អាចថតចម្លង)
– ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត
– វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក)
– បង្កាន់ដៃបង់ប្រាក់។
សម្រាប់ព័ត៌មានលម្អិតបន្ថែម អាចទាក់ទងលេខប្រឹក្សាយោបល់ក្នុងម៉ោងធ្វើការ 1275 ដោយឥតគិតថ្លៃ៕
ប្រភព ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន