ហាណូយ ប្រទេសវៀតណាម ប្រកាសអាសន្នជាលើកទី ២ ខណៈទឹកទន្លេក្រហមបន្តហក់ឡើងដល់ ១០.៥ ម៉ែត្រ
នៅវេលាម៉ោង ១០ និង ៣០ នាទីយប់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៤ (ពេលវេលាក្នុងតំបន់) កម្រិតទឹកទន្លេក្រហមនៅស្រុក Long Bien បានបន្តហក់ឡើងរហូតដល់ ១០.៥ ម៉ែត្រហើយ បណ្ដាលឱ្យខាងក្រុងហាណូយប្រកាសអាសន្នជាលើកទី ២ ទៅលើស្រុកចំនួន ១០។
ក្រសួងកសិកម្ម និង អភិវឌ្ឍន៍ជនបទប្រចាំក្រុងហាណូយ ប្រទេសវៀតណាម បានធ្វើការប្រកាសអាសន្នជាលើកទី ២ លើស្រុក Tay Ho, Bac Tu Liem, Ba Dinh, Hoan Kiem, Hai Ba Trung, Haong Mai, Long Bien, Thanh Tri, Dong Anh និង Gia Lam។ ខាងភ្នាក់ងារឧតុនិយមបានព្រមានថា ការហក់ឡើងនៃទឹកទន្លេក្រហមអាចបណ្ដាលឱ្យមានទឹកជំនន់នៅតាមមាត់ទន្លេ និង តំបន់ទាបៗដែលនឹងគំរាមកំហែងដល់អាយុជីវិត និង ទ្រព្យសម្បត្តិពលរដ្ឋរស់នៅក្នុងតំបន់ដែលប៉ះពាល់នោះ។
គួរបញ្ជាក់ថា ការប្រកាសអាសន្នលើកទីមួយលើទឹកទន្លេក្រហមនៅស្រុក Long Bien ក្រុងហាណូយ គឺក្នុងកម្រិតទឹក ៩.៥ ម៉ែត្រ ការប្រកាសអាសន្នលើកទី ២ គឺក្នុងកម្រិត ១០.៥ ម៉ែត្រ និង លើកទី ៣ នៅពេលដែលទឹកហក់ឡើងដល់ ១១.៥ ម៉ែត្រ។ ក្រុងហាណូយបានលើកឡើងថា ទឹកទន្លេក្រហមមិនធ្លាប់ហក់ឡើងក្នុងកម្រិតបែបនេះតាំងពីឆ្នាំ ២០០៨។
ក្នុងជំនួបនៅព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៤ នេះ លោក Pham Tuan Long ប្រធានគណៈកម្មាធិការប្រជាជនប្រចាំស្រុក Hoan Kiem បានស្នើឱ្យមានការជម្លៀសពលរដ្ឋទាំងអស់នៅតាមតំបន់ដែលប្រកាសអាសន្នដំបូងទៅកាឆន់ទីទួលមានសុវត្ថិភាពជាបណ្ដោះអាសន្ន។ បន្ថែមពីនេះ លោក Long ក៏បានស្នើឱ្យមានការពិនិត្យឡើងវិញនូវទីតាំងមួយចំនួនផ្សេងទៀតដើម្បីទុកជាកន្លែងទទួលពលរដ្ឋដែលជម្លៀសខ្លួនប្រមាណ ១៣០ គ្រួសារ (ពលរដ្ឋជិត ៥០០ នាក់) នៅសង្កាត់ចំនួន ២ នៃស្រុក Chuong Duong និង Phuc Tan។
ជាមួយគ្នានោះដែរជាការធានាសុវត្ថិភាព ខាងក្រសួងដឹកជញ្ជូនប្រចាំក្រុងហាណូយបានដាក់វិធានការហាមមិនឱ្យមានយានយន្តឆ្លងកាត់ស្ពាន Chuong Duong ចាប់ពីម៉ោង ៨ កន្លះព្រឹកថ្ងៃទី ១០ ខែកញ្ញាតទៅរហូតដល់ការជូនដំណឹងតាមក្រោយ។ ដោយសារតែឥទ្ធិពលនៃព្យុះសង្ឃរា យាកជី តាំងពីថ្ងៃទី ០៧ ខែកញ្ញាមកទល់ពេលនេះ ទីក្រុងហាណូយនៅបន្តមានភ្លៀងធ្លាក់ខ្លាំង ទឹកទន្លេក្រហមក៏ហក់ឡើងហូរចាក់ទៅតំបន់ទាបៗ។ ការវាយប្រហារពីព្យុះយាកជីនេះធ្វើឱ្យក្រុងហាណូយមានអ្នកស្លាប់ចំនួន ៤ នាក់ រងរបួស ២៣ នាក់ និង ដើមឈើប្រមាណជាង ៤ ម៉ឺនដើមបានបាក់រលំ៕