ហេតុ​អ្វី​ពេល​មិន​បាន​ញ៉ាំ​កាហ្វេ​​ អ្នក​ខ្លះ​មាន​អាការៈ​ឈឺ​ក្បាល?

អ្នក​និយម​​ញ៉ាំ​កាហ្វេ​មួយ​ចំនួន​អាច​សម្គាល់​ដឹង​ដោយ​ខ្លួន​ឯង​ថា​បើ​ថ្ងៃ​ណា​មួយ​ខក​ខាន​ញ៉ាំ​កាហ្វេ ឬ​ញ៉ាំ​កាហ្វេ​យឺត​ម៉ោង​ជាង​ធម្មតា​អាច​មាន​អាការៈ​ឈឺ​ក្បាល​។ បើ​ធៀប​ទៅ​នឹង​អាការៈ​ឈឺ​ក្បាល​ដោយ​បញ្ហា​ផ្សេង ​អាការៈ​ឈឺ​ក្បាល​ដោយ​ខ្វះ​ជាតិ​កាហ្វេ​អ៊ីន​​ងាយ​សម្គាល់ និង​ងាយ​ព្យាបាល​ជាង​។​

ជាតិ​កាហ្វេ​អ៊ីន​អាច​បង្រួម​សរសៃ​ឈាម​នៅ​ក្នុង​ខួរ​ក្បាល​។ នៅ​ពេល​មួយ​យើង​មិន​បាន​ញ៉ាំ​កាហ្វេ សរសៃ​ឈាម​នឹង​រីក​ធំ​។ ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​លំហូរ​ឈាម​កើន​ឡើង ដែល​អាច​នាំ​ឲ្យ​យើង​មាន​អាការៈ​ឈឺ​ក្បាល ​អស់​កម្លាំង ឬ​​​ផ្ចង់​អារម្មណ៍​មិន​បាន​ល្អ​ក៏​មាន​។

តើ​ធ្វើ​ម៉េច​ដើម្បី​ដោះស្រាយ​បញ្ហា​ឈឺក្បាល​នេះ​បាន?​​

មាន​វិធី​មួយ​ចំនួន​អាច​ជួយ​សម្រួល​អាការៈ​ឈឺ​ក្បាល​ដោយសារ​ខ្វះ​ជាតិ​កាហ្វេ​នេះ​បាន​។ គ្នា​យើង​អាច​សាក​អនុវត្ត​បើ​សិន​ជា​ថ្ងៃ​ណា​មួយ​ដាច់​កាហ្វេ​មិន​អាច​រក​ទិញ​បាន ឬ​​ភ្លាត់​មិន​បាន​​​ញ៉ាំ​ជា​ដើម​។

 

ញ៉ាំទឹក​៖ ការ​រក្សា​​ជាតិ​ទឹក​ក្នុង​រាង​កាយ​បាន​គ្រប់​គ្រាន់​​ជា​វិធី​មួយ​ជួយ​ការ​ពារ​អាការៈ​ឈឺ​ក្បាល​ដោយសារ​ខ្វះ​ជាតិ​កាហ្វេអ៊ីន​។​ដូច​គ្នា​ដែរ ការ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​បាន​គ្រប់​គ្រាន់​ក៏​ជួយ​កាត់​បន្ថយ​អាការៈ​ឈឺ​ក្បាល​ប្រកាំង​ផង​ដែរ​។

ញ៉ាំ​ថ្នាំ៖ ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​មួយ​ចំនួន​ដែល​មាន​លក់​ដោយ​មិន​ត្រូវ​ការ​វេជ្ជបញ្ជា​ក៏​អាច​ជួយ​​សម្រួល​អាការៈ​ឈឺ​ក្បាល​ប្រភេទ​នេះ​បាន​ដែរ​។ សាកសួរ​ឱសថការី​អំពី​ថ្នាំ​ប្រភេទ​នេះ​ និង​ការ​ប្រើ​ប្រាស់​។

សម្រាក៖ បើ​សិន​ជា​អាច​ គួរ​រក​កន្លែង​សម្រាក​​បន្តិច ពិសេស​សម្រាក​ក្នុង​បន្ទប់​ដែល​​មាន​សភាព​ងងឹត​មិន​មាន​ពន្លឺ​រំខាន​ខ្លាំង។ ការ​សម្រាក​​អាច​​រួម​ចំណែក​ជួយ​បន្ថយ​អាការៈ​ឈឺ​ក្បាល​។

ស្អំ​ទឹក​កក៖ ការ​ស្អំ​ទឹក​កក​ក៏​ជា​វិធី​ជួយ​សម្រួល​អាការៈ​មួយ​ដែរ ដោយសារ​តែ​ទឹក​កក​ផ្លាស់​ប្ដូរ​លំហូរ​ឈាម​ក្នុង​ខួរ​ក្បាល និង​សម្រាល​បញ្ហា​ស្ពឹក​មួយ​ចំនួន​នៅ​ផ្នែក​ក្បាល​។​​​​​​​​​​​​​

សម្រាប់​គ្នា​យើង​ដែល​មាន​ទម្លាប់​ញ៉ាំ​ការ​ហ្វេ​ច្រើន​កែវ​ ឬ​ពែង​ក្នុង​មួយ​ថ្ងៃ ហើយ​ចង់​កាត់​បន្ថយ​ចំនួន​កាហ្វេ​ដែល​ត្រូវ​ញ៉ាំ គឺ​មិន​ត្រូវ​កាត់​ផ្ដាច់​​ដោយ​បង្ខំ ឬ​ទាំង​ស្រុង​ភ្លាម​ៗ​នោះ​ទេ​។ ​ជា​ការ​ណែ​នាំ យើង​អាច​សាល​ល្បង​កាត់​បន្ថយ​ម្ដង​២៥​ភាគ​រយ​នៃ​ចំនួន​កាហ្វេ ដែល​យើង​ញ៉ាំ​ជា​ប្រចាំ​ថ្ងៃ​​នៅ​មួយ​សប្ដាហ៍​ដំបូង និង​បន្ត​បន្ទាប់​​។ ឧទាហរណ៍​ថា​យើង​មាន​ទម្លាប់​ញ៉ាំ​កាហ្វេ​បួន​ពែង​ក្នុង​មួយ​ថ្ងៃ ដូច​នេះ​នៅ​សប្ដាហ៍​ទី​១ យើង​គួរ​បន្ថយ​មក​ត្រឹម​បី​ពែង និង​អាច​បន្ត​បន្ថយ​បន្ថែម​ទៀត​នៅ​សប្ដាហ៍​បន្ទាប់​។

ប្រភព៖ verywellhealth | healthline

អត្ថបទដែលជាប់ទាក់ទង