ព្យុះទីហ្វុង យ៉ាកជី (Yagi) បានវាយប្រហារលើប្រទេសហ្វីលីពីនរយៈពេល ២ ថ្ងៃជាប់គ្នា បង្កជាគ្រោះទឹកជំនន់ និង រអិលបាក់ដីធ្ងន់ធ្ងរ

ព្យុះទីហ្វុង យ៉ាកជី (Yagi) បានវាយប្រហារលើប្រទេសហ្វីលីពីនរយៈពេល ២ ថ្ងៃជាប់គ្នា បង្កជាគ្រោះទឹកជំនន់ និង រអិលបាក់ដីធ្ងន់ធ្ងរ និង ថែមទាំងបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ១១ នាក់បានបាត់បង់ជីវិត។

នៅយប់ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ (ពេលវេលាក្នុងតំបន់) ព្យុះទីហ្វុង យ៉ាកជី បានបោកបក់កាត់តំបន់ Bicol ភាគអាគ្នេយ៍ក្រុងម៉ានីល ដែលបណ្ដាលឱ្យសាលារៀន រួមទាំងការិយាល័យរដ្ឋាភិបាលនៅក្រុងម៉ានីល ត្រូវបានបិទជាបណ្ដោះអាសន្នសិន ខណៈការដឹកជញ្ជូនតាមផ្លូវទឹកនៅតំបន់ដែលមានព្យុះក៏ត្រូវផ្អាកសិនដែរ។

បើតាមអ្នកនាំពាក្យប្រចាំក្រុងបានបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ១១ នាក់បានស្លាប់ដោយសារតែព្យុះមួយនេះ ដោយក្នុងនោះជនរងគ្រោះ ៣ នាក់បានស្លាប់ដោយគ្រោះរអិលបាក់ដីនៅតំបន់ Antipolo។ សាកសពជនរងគ្រោះ ៤ នាក់ផ្សេងទៀតដែលស្លាប់ដោយការលង់ទឹក ត្រូវបានប្រទះឃើញនៅព្រឹកថ្ងៃទី ០២ ខែកញ្ញា កន្លងទៅក្នុងទីតាំង ៣ កន្លែងផ្សេងៗគ្នា។ ជាមួយគ្នានោះដែរ នៅក្រុង Naga ដែលជាក្រុងរងគ្រោះធ្ងន់ធ្ងរដែរនោះ ខាងក្រុមសង្គ្រោះបានរកឃើញសពបុរសម្នាក់ស្លាប់ដោយឆក់ខ្សែភ្លើង និង ក្មេងស្រីម្នាក់ទៀតស្លាប់ដោយលង់ទឹក។ ចំណែកនៅក្រុង Cebu ជួបគ្រោះរអិលបាក់ដីបណ្ដាលឱ្យមនុស្ស ២ នាក់បានស្លាប់ផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ០២ ខែកញ្ញា កន្លងទៅ ពលរដ្ឋប្រមាណជា ៣០០ នាក់នៅកំពុងជម្លៀសខ្លួននៅឡើយ ខណៈទឹកជំនន់ក្នុងក្រុងកំពុងស្រកចុះបន្តិចម្ដងៗ។ ព្យុះទីហ្វុង យ៉ាកជី បានបោកបក់ទៅភាគខាងជើងកោះ Luzon កាលពីរសៀលថ្ងៃទី ០២ ខែកញ្ញា កន្លងទៅជាមួយកម្លាំងខ្យល់ពី ៧៥ គីឡូម៉ែត្រក្នុងមួយម៉ោង ទៅ ៨៥ គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះនេះដែររំពឹងថានឹងវាយប្រហារដល់ខេត្ត Isabela នៅថ្ងៃទី ០៣ ខែកញ្ញានេះ៕

ប្រភព៖ VN Express

អត្ថបទដែលជាប់ទាក់ទង