អ្នកជិះឡានផ្លាក «ខេមរភូមិន្ទ» ត្រូវតែជាទាហានពេញលេញ បើជនស៊ីវិល ឬ ជនបរទេសជិះនឹងចាត់វិធានការច្បាប់
តាមរយៈលិខិតចុះថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅ ក្រសួងការពារជាតិ បានចេញសេចក្ដីជូនដំណឹងមួយស្ដីពីការប្រើប្រាស់យានយន្តពាក់ផ្លាកលេខ ខេមរភូមិន្ទ បន្ទាប់ពីមួយរយៈពេលចុងក្រោយនេះ សង្កេតឃើញការប្រើប្រាស់យានយន្តពាក់ផ្លាកលេខនេះកើតមាននូវបាតុភាពមួយចំនួនធ្វើឱ្យប៉ះពាល់ដល់សង្គមសាធារណៈ ដូចជា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុគ្គលអ្នកប្រើប្រាស់មួយចំនួនមានភាពក្រអឺតក្រទម មិនស័ក្តិសមជាមន្ត្រីយោធា ធ្វើឱ្យមានការវាយតម្លៃ និង ទទួលការរិះគន់ពីសាធារណជន ជាពិសេសប៉ះពាល់ដល់កិត្តិយសនៃកងយោធពលខេមរភូមិន្ទទាំងមូល។
ក្នុងសេចក្ដីប្រកាសនេះ បានឱ្យដឹងថា អ្នកប្រើប្រាស់យានយន្តផ្លាកលេខខេមរភូមិន្ទនេះ ត្រូវតែជានាយទាហានដែលមានសិទ្ធិពេញលេញ ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬ ជនបរទេសប្រើប្រាស់បានឡើយ។ នេះបើតាមអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ជូនដំណឹង និង បញ្ជាក់បន្ថែមអំពីការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទទាំងអស់ ដោយអនុវត្តតាមអនុក្រឹត្យ លេខ ៧៧ អនក្រ.បក ចុះថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០០៨ កន្លងមក។
ការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទនេះទៀត ត្រូវស្របតាមការកំណត់របស់ក្រសួងការពារជាតិ ចំពោះក្រុមហ៊ុនសហការវិនិយោគ វិស័យការពារជាតិនានាក៏ត្រូវបានអនុវត្តដូចគ្នា។
ក្នុងករណីដែលអនុវត្តការប្រើប្រាស់ផ្ទុយខុសពីខ្លឹមសារខាងលើ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ នឹងចាត់វិធានការច្បាប់ជាធរមាន៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖