ផ្ទះធ្វើពីឈើប្រក់ស័ង្កសី១ខ្នង ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ម្ចាស់ផ្ទះចាក់សោទុកចោល បង្កឱ្យមានការភ្ញាក់ផ្អើល និងធ្វើអោយមន្ត្រីពន្លត់អគ្គិភ័យម្នាក់ រងរបួសធ្ងន់
ភ្នំពេញ ៖ កាលពី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ផ្ទះធ្វើពីឈើប្រក់ស័ង្កសី១ខ្នង ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅទាំងព្រឹក ខណៈពេលដែលម្ចាស់ផ្ទះចាក់សោទុកចោល បង្កឱ្យមានការភ្ញាក់ផ្អើល នៅតាមបណ្តោយផ្លូវជាតិលេខ៦A ត្រង់ចន្លោះស្ពានទី៨ និង៩ ស្ថិតក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ផ្ទះដែលត្រូវភ្លើងឆេះនេះ ធ្វើអំពីឈើលើថ្មក្រោម ដែលមានម្ចាស់ឈ្មោះ ថន ពេជ្រភេទប្រុស អាយុ៦៣ឆ្នាំ ជាមន្ត្រីរាជការចូលនិវត្តន៍។
នៅមុនពេលកើតហេតុ គេឃើញ ម្ចាស់ផ្ទះបានចាក់សោទុកចោល ស្រាប់តែមានផ្សែងហុយចេញពីក្នុងផ្ទះ និងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរនាំគ្នាជួយបាញ់ពន្លត់ តែពុំអាចទប់ស្កាត់បាន បន្ទាប់មកក៏ទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ទៅជួយអន្តរាគមន៍ភ្លាមៗតែម្ដង។
អគ្គិភ័យនេះ បណ្តាលអោយផ្ទះ១ខ្នងនេះ បានរងការខូចខាតទាំងស្រុង រួមជាមួយសម្ភារៈមួយចំនួនទៀត និងធ្វើអោយមន្ត្រីពន្លត់អគ្គិភ័យម្នាក់ រងរបួសធ្ងន់ ហើយត្រូវបញ្ជូនទៅសង្គ្រោះផងដែរ ដោយសារតែក្រឡាច់ជណ្តើរធ្លាក់។
ទាក់ទិននឹងការកើតមានអគ្គិភ័យនេះ ត្រូវបានម្ចាស់ផ្ទះប្រាប់សមត្ថកិច្ចអោយដឹងថា បណ្តាលមកពីឆ្លងចរន្តអគ្កិសនី ខណៈពេលដែលគាត់ពុំនៅផ្ទះ។ ទោះបីជាយ៉ាងណា អណ្ដាតភ្លើងពុំបានឆេះរាលដាលឡើយ ដោយសារតែផ្ទះនៅសងខាងជាផ្ទះថ្ម៕