សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចកែសម្រួលម៉ោងបើក និងបិទការចូលទស្សនា តាមប្រាសាទមួយចំនួន ដោយក្នុងនោះម៉ោងចូលទស្សនាប្រាសាទអង្គរវត្ត នឹងបើកនៅម៉ោង៥ព្រឹក បិទនៅម៉ោង៦ល្ងាច
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចកែសម្រួលម៉ោងបើក និងបិទការចូលទស្សនា តាមប្រាសាទមួយចំនួន ដោយក្នុងនោះម៉ោងចូលទស្សនាប្រាសាទអង្គរវត្ត នឹងបើកនៅម៉ោង៥ព្រឹក ហើយបិទនៅម៉ោង៦ល្ងាច ដោយឡែកសម្រាប់ម៉ោងបិទ និងបើកនៃការចូលទស្សនាតាមប្រាសាទនេះ នឹងប្រែប្រួលតាមរដូវកាល។
ក្នុងឱកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើសេចក្ដីថ្លែងការណ៍ពិសេសស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភានៃកម្ពុជា (ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដល់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤)» ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤, សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ខ្ញុំសូមយកឱកាសនេះ ប្រកាសជូនដល់បងប្អូន មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ឲ្យបានជ្រាបថា ដើម្បីជួយ និងសម្រួលដល់បងប្អូន ក្នុងការប្រកបរបរការងារ ខ្ញុំបានសម្រេចពន្យារ ឬបន្ថែមសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ ចាប់ពី២ឆ្នាំទៅ៣ឆ្នាំ។ លើសពីនេះខ្ញុំបានណែនាំឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិនិត្យលទ្ធភាពបន្ថែមម៉ោងចូលទស្សនា លើប្រាសាទមួយចំនួនបន្ថែមទៀត ដើម្បីឲ្យភ្ញៀវទេសចរអាចមើលថ្ងៃលិច, ថ្ងៃរះ និងស្ដាប់សត្វយំនៅពេលព្រឹកព្រលឹមដូចជា ប្រាសាទអង្គវត្តជាដើម»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ជាលទ្ធផលលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ពិភាក្សាជាមួយជំនាញ និងលើកយោបល់សូមគោលការណ៍ឯកភាព រួមមាន៖
* បច្ចុប្បន្នប្រាសាទអង្គវត្តបើកម៉ោង៥ព្រឹក និងបិទម៉ោង៥៖៣០នាទីល្ងាច ដែលប្រាសាទបិទនៅម៉ោង៥កន្លះល្ងាចនេះ គឺគ្រាន់តែបញ្ចប់ភ្ញៀវចូលថ្មីប៉ុណ្ណោះ តែភ្ញៀវដែលមានស្រាប់អនុញ្ញាតឲ្យនៅ និងចេញជាបណ្ដើរៗរហូតដល់ម៉ោង៦កន្លះល្ងាច។
* ប្រាសាទប្រែរូប ប្រាសាទភ្នំបាក់ខែង និងប្រាសាទភ្នំក្រោម ដែលទេសចរនិយមទស្សនានាពេលថ្ងៃលិច បច្ចុប្បន្នគឺបើកម៉ោង៧ព្រឹក និងបិទម៉ោង៧យប់។
* ប្រាសាទផ្សេងៗទៀតបច្ចុប្បន្ន គឺបើកម៉ោង៧ព្រឹក និងបិទម៉ោង៥កន្លះល្ងាច គោលបំណង ដើម្បីថែរក្សាសុវត្ថិភាពរបស់ប្រាសាទ និងភ្ញៀវ ក្នុងគោលបំណងឲ្យភ្ញៀវទេសចរ មានពេលវេលាគ្រប់គ្រាន់ ក្នុងការចាកចេញពីប្រាសាទដោយសន្សឹមៗ រហូតដល់មេឃងងឹត ដោយសារតែប្រាសាទមួយចំនួនមានទំហំធំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា «ដូច្នេះក្រោយពីការពិភាក្សាគ្នារបស់ជំនាញ ក្រសួងវប្បធម៌ ខ្ញុំមានការឯកភាពកែសម្រួលរួមមាន៖ ប្រាសាទអង្គវត្ត គឺយើងកែសម្រួលចាប់បើកពីម៉ោង៥ព្រឹក បិទម៉ោង៦ល្ងាច, ប្រាសាទប្រែរូប, ប្រាសាទភ្នំបាក់ខែង និងប្រាសាទភ្នំក្រោម យើងកែសម្រួលចាប់បើកពីម៉ោង៦ព្រឹកវិញ និងបិទនៅម៉ោង៧យប់, ចំណែកឯប្រាសាទផ្សេងៗទៀតដែលបើកម៉ោង៧ព្រឹកបិទម៉ោង៥កន្លះល្ងាចនេះ នឹងប្ដូរមកបើកនៅម៉ោង៦ព្រឹក និងបិទម៉ោង៦កន្លះល្ងាចវិញ ប៉ុន្ដែពេលវេលាបើកនេះគឺនឹងអាចប្រែប្រួលតាមរដូវកាល ដែលផ្អែកលើមេឃឆាប់ងងឹតចាប់ពីខែវិច្ឆិកា ដល់ខែឧសភា និងរដូវដែលមេឃក្រងងឹតចាប់ពីខែមិថុនា ដល់ខែតុលា ក្នុងគោលដៅដើម្បីថែរក្សាសុវត្ថិភាពទាំងប្រាសាទ និងភ្ញៀវទេសចរ»៕