ប្រទះឃើញជ្រូកសមុទ្រ ៤ ក្បាល មានធំមានតូចលេចវត្តមានលេងទឹកក្នុងដែនសមុទ្រកម្ពុជា

នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានបង្ហោះរូបភាពជ្រូកទឹក ឬ ជ្រូកសមុទ្រចំនួន ៤ ក្បាល ដោយបានបញ្ជាក់ថា ជ្រូកសមុទ្រ ៤ ក្បាល មានទាំងកូនមួយផងមកលេងសមុទ្រខ្មែរ ខណៈវាជាលទ្ធផលវិជ្ជមាននៃការថែរក្សាស្មៅសមុទ្រ និង ការការពារធនធានជលផល ដោយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម អាជ្ញាធរខេត្ត និង អង្គការដៃគូ។

គួរឱ្យដឹងផងដែរថា ពួកសត្វកម្រ និង ងាយរងគ្រោះ មានជ្រូកទឹក អណ្តើកសមុទ្រ ត្រីសេះសមុទ្រ ផ្សោត ជាដើមនេះ វារស់នៅតែក្នុងតំបន់ណាដែលមានសុវត្ថិភាព គ្មានការរំខាន មានទីជ្រក និង សម្បូរចំណីអាហារប៉ុណ្ណោះ។

ក្នុងនោះផងដែរ បើតាមការឱ្យដឹងកន្លងមកពីក្រុមការងាររបស់អង្គការអភិរក្សសមុទ្រកម្ពុជា (MCC) បានបញ្ជាក់ថា ក្នុងឆមាសទី ១ ឆ្នាំ ២០២៤ ក្រុមការងារបានប្រទះឃើញជ្រូកទឹកនៅខេត្កកំពត ៥ លើក នៅតំបន់វាលស្មៅសមុទ្រដែលក្រុមការងារបានទម្លាក់ប្រអប់សិប្បនិមិត្ត ព្រោះចំណីជ្រូកទឹកគឺស្មៅសមុទ្រ ខណៈនៅខេត្តកំពតមានសហគមន៍នេសាទចំនួន ៩ កន្លែង មានស្មៅសមុទ្រចំនួន ១១ ប្រភេទ លើផ្ទៃបាតសមុទ្រ ៨៤៣៥ ហិកតា ផ្កាថ្ម ៩៥៣ ហិកតា ព្រៃកោងកាង ១ ៩៦៦ ហិកតា និង ទីតាំងអភិរក្សមានចំនួន ១៣ កន្លែង៕

អត្ថបទដែលជាប់ទាក់ទង