នៅព្រៃវែង ក្មេងស្រី ១៥ ឆ្នាំ បានស្ល-ា.//ប់ដោយសារផ្ដាសាយបក្សី ក្រោយពីប៉ះពាល់មាន់ងា-ប់យកមកធ្វើម្ហូប
នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៤ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ករណីជំងឺផ្តាសាយបក្សី កើតលើកុមារីអាយុ ១៥ ឆ្នាំ និង ត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់ ៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និង វិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៤ ដែលមានទីលំនៅក្នុងភូមិពោធិ៍ម្រិញ ឃុំកញ្ចៀច ស្រុកកញ្ចៀច ខេត្តព្រៃវែង។
តាមប្រភពបានឱ្យដឹងថា ទោះជាមានការយកចិត្តទុកដាក់ថែទាំ និង ជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយ ដោយសារស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរ រួមមានគ្រុនក្តៅ ក្អក ឈឺបំពង់ក ហត់ ពិបាកដកដង្ហើម និង សន្លប់ ធ្វើឱ្យកុមារីបានទទួលមរណភាព នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៤។
ក្នុងនោះ បើតាមការសាកសួរបានបង្ហាញថា ប្រហែល ៥ ថ្ងៃមុនចាប់ផ្តើមឈឺ នៅក្នុងភូមិមានមាន់ទាស្លាប់ច្រើន និង ផ្ទះបងប្អូនអ្នកជំងឺមានមាន់ងាប់ ក៏បានចែកមកឱ្យគ្រួសារអ្នកជំងឺយកមកធ្វើម្ហូប ហើយកុមារីបានប៉ះពាល់ និង កាន់មាន់ងាប់នេះដើម្បីធ្វើម្ហូប។
ទាក់ទិនករណីនេះ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាន និង កំពុងសហការ ជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្តាសាយបក្សី និង ធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តការស្វែងរកប្រភពចម្លងទាំងលើសត្វ និង មនុស្ស និង បន្តស្វែងរកករណីសង្ស័យអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមីហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និង ធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋ នៅក្នុងភូមិដែលកើតហេតុខាងលើ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖