ភ្ញៀវទេសចរដែលចង់ឡើងទៅរួតបាកាណ កំពូលកណ្ដាលប្រាសាទអង្គរវត្ត គួរដឹងពីបម្រាម ៣ នេះ បើមិនចង់មានបញ្ហា

កាលពីថ្មីៗកន្លងទៅនេះ ហ្វេសប៊ុកផេកអាជ្ញាធរជាតិអប្សរាបានបង្ហោះសារជាព័ត៌មានឱ្យដឹងថា រួតបាកាណជាកន្លែងគេជឿថាមានបារមីសក្តិសិទ្ធិ ដែលអ្នកទេសចរគ្រប់ជាតិសាសន៍ឡើងទៅទស្សនា និង គោរពបូជា មានបម្រាមចំនួន ៣ ដែលភ្ញៀវទាំងអស់ត្រូវតែគោរពតាម។

យោងតាមសារបង្ហោះរបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា រួតបាកាណ ឬ កំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលមានកម្ពស់ប្រមាណជា ៦៥ ម៉ែត្រគឺជា គោលដៅដ៏សំខាន់បំផុតរបស់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ដែលតែងតែឡើងទៅទស្សនា ហើយជារៀងរាល់ថ្ងៃមន្ត្រីអាជ្ញាធរជាតិអប្សរាបានរៀបចំសណ្តាប់ធ្នាប់ និង សុវត្ថិភាពជាប្រចាំសម្រាប់ភ្ញៀវទេសចរ ដែលឡើងទៅទស្សនាផង និង ថ្វាយគ្រឿងសក្ការៈបូជាផងនៅលើរួតបាកាណនៃប្រាសាទអង្គរវត្តនេះ។

ជាក់ស្ដែង ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា ប្រចាំការប្រាសាទអង្គរវត្ត លោក ឡេក គិមលីន បានឱ្យដឹងថា ដើម្បីសុវត្ថិភាពរបស់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ខ្ពស់បំផុតសម្រាប់ភ្ញៀវ ដែលឡើងទៅទស្សនារួតបាកាណ ដោយការឡើងលើរួតបាកាណនេះមានបញ្ញត្តិមួយចំនួនដូចជា ៖

• ទី ១ ការឡើងទៅលើកំពូលប្រាសាទគឺ មិនឱ្យលើសពី ១០០ នាក់ទេក្នុងពេលទស្សនាម្ដងៗ ដើម្បីបង្ការពីសុវត្ថិភាពរបស់ភ្ញៀវ និង ដើម្បីការពារប្រាសាទ។

• ទី ២ តម្រូវឱ្យភ្ញៀវទេសចរទាំងឡាយគោរពទៅតាម (ក្រមប្រតិបត្តិអង្គរ) មិនស្លៀកពាក់ខ្លី មិនសមរម្យ ត្រូវរក្សាភាពស្ងៀមស្ងាត់ និង សណ្តាប់ធ្នាប់ក្នុងកំឡុងពេលទស្សនា ហើយរយៈពេលទស្សនាទៀតសោតគឺ មិនលើសពី ១៥ នាទីឡើយ។

• ទី ៣ ហាមក្មេង ដែលមានអាយុក្រោម ១២ ឆ្នាំ ស្រ្តីមានផ្ទៃពោះ និង អ្នកដែលមានជំងឺខ្សោយបេះដូងឡើងទៅលើរួតបាកាណ ពីព្រោះតែជណ្ដើរមានរាងចោតខ្លាំង៕

អត្ថបទដែលជាប់ទាក់ទង