សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យអាជ្ញាធរជាតិអប្សរា បន្តកែសម្រួលការយកប្រាក់ជាថ្មីលើការថតរូបឬវីដេអូ នៅប្រាសាទអង្គរវត្ត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យអាជ្ញាធរជាតិអប្សរា បន្តកែសម្រួលការយកប្រាក់ជាថ្មី លើការថតរូបឬវីដេអូ នៅប្រាសាទអង្គរវត្ត បន្ទាប់ពីឃើញមានបញ្ហាចម្រូងចម្រាស រវាងមតិមហាជន ជាមួយអាជ្ញាធរជាតិអប្សរា ទាក់ទិននឹងការកំណត់តម្លៃ ដែលមហាជននៅតែលើកឡើងថា មានតម្លៃថ្លៃ ដោយតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា មានតម្លៃទាបបំផុត ៣០ដុល្លារ រហូតដល់ក្បែរ៥ពាន់ដុល្លារអាម៉េរិក ក្នុង១ថ្ងៃ។

សូមរម្លឹកថា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹង ស្ដីអំពីសេចក្ដីសម្រេចកែសម្រួល លក្ខខណ្ឌតម្រូវថ្មីទៅនឹងសេវាកម្មថតវីដេអូ និងរូបភាពសន្លឹកនៅក្នុងរមណីយដ្ឋានអង្គរ។ ជាមួយគ្នានោះ អាជ្ញាធរជាតិអប្សរា ក៏បានបង្ហាញតារាងសេវា និងតារាងតម្លៃសេវាពាក់ព័ន្ធថ្មី របស់អាជ្ញាធរជាតិអប្សរា ដោយបានបែងចែកចេញជា ៤ជម្រើស ដើម្បីឱ្យអ្នកមានបំណង ចង់ទៅថតអាចជ្រើសរើសបាន ហើយជម្រើសនីមួយៗ ក៏មានការកំណត់តម្លៃខុសៗគ្នាផងដែរ។ ដោយក្នុងតារាងតម្លៃនោះ បានបញ្ហាញថា តម្លៃគឺទាបបំផុត ៣០ដុល្លារអាម៉េរិកក្នុង១ថ្ងៃ និងខ្ពស់ដល់៥ពាន់ដុល្លារ ដែលតម្លៃនេះ ធ្វើឱ្យមហាជនជាច្រើន មានការមិនពេញចិត្ត ក៏នាំគ្នារិះគន់ ។

ពាក់ព័ន្ធបញ្ហានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ បានស្នើឱ្យអាជ្ញាធរជាតិអប្សរា បន្តសិក្សា ដើម្បីកែសម្រួលនូវតម្លៃនេះឡើងវិញ។

សម្តេចធិបតី មានប្រសាសន៍ថា »ឥឡូវខាងអប្សរានេះ កាត់បន្ថយច្រើនណាស់ រឿងថត Wedding ថតអីនេះ កាលមុនថា ទាល់តែសុំអី សួរហេតុផល គាត់មានហេតុផលការពាររបស់គាត់ ប៉ុន្តែក្បួនច្បាប់និងគោលការណ៍នោះ តាំងពី៩០ជាងអនុវត្តចេញឆ្នាំ២០១៧ ចង់ឱ្យកែសម្រួលទៅ ឥឡូវនៅរឿងតម្លៃអីមិច ឱ្យពិនិត្យឡើងវិញ» ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីថា«ឱ្យវាស្រួល ស្រួលទាំងភ្ញៀវទេសចរ ស្រួលទាំងមន្ត្រីអប្សរា ព្រោះគាត់ក៏លំបាកដែរ គោលការណ៍ច្រើនគាត់ត្រូវតឹង ព្រោះការពារប្រាសាទអង្គរវត្ត ការពារប្រាសាទយើង មិនមែនការពារតែថ្មទេ កុំឱ្យគេលួចកាត់ទេ តែការពារតម្លៃ(តម្លៃវប្បធម៌ និងទំនៀមទម្លាប់)»។

សូមជម្រាបជូនថា មុននឹងមានការប្រកាស ឱ្យកែសម្រួលការយកប្រាក់ពីសម្តេចធិបតី អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី៦ សីហា ពោលគឺ៤ថ្ងៃពន្ទាប់ពីចេញតារាងតម្លៃជាសាធារណៈ បានចេញមកបកស្រាយផងដែរ ដោយបញ្ជាក់ថា តម្លៃសេវាសម្រាប់ប្រភេទអាជីវកម្មដែលខ្លួនបានជូនដំណឹង កាលពីថ្ងៃទី២ ខែសីហា គឺមិនមានការដំឡើងតម្លៃណាមួយឡើយ។ វាជាតម្លៃសេវាដែលបានអនុវត្តតាំងពីឆ្នាំ២០១២មកម្ល៉េះ ហើយក្នុងនោះតម្លៃសេវាមួយចំនួន ត្រូវបានបន្ធូរបន្ថយនាពេលបច្ចុប្បន្ន៕

ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង